សម្ដេចតេជោ៖អាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុងបណ្ដាញសង្គម ដោយប្រតិកម្មចំពោះ ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលប្រដាល់សេរីរបស់កម្មវិធីទូរទស្សន៍មួយ ដែលបានលើកជាសំណួរថា៖ តើមានក្បួនមកពីណា វាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ?

ការប្រដាល់សេរីដែលត្រូវបានផ្សាយបន្តផ្ទាល់ក្នុងពេលថ្មីៗនេះ រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា ត្រូវបានមហាជនដែលនិយមវិស័យកីឡា បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះ ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលថាគ្មានយុត្តិធម៌ ដោយការវាយខុសក្បូនប្រដាល់របស់កីឡាករ ម៉ឺន មេឃា ហើយបានសម្រេចលើកទៅប្រកួត២សប្ដាហ៍ក្រោយ។

សម្ដេចតេជោ បានលើកទៅដល់សហព័ន្ធកីឡាប្រដាល់ ដែលបានបណ្ដោយឲ្យមានហេតុការនេះ អាចកើតឡើងទៅរួចពីការសម្រេចសេចក្ដីរបស់អាជ្ញាកណ្ដាល។

សាររបស់សម្ដេចតេជោ នាយប់ទី ១១កក្កដា ៖ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួនហើយ មិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។

៉៉តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?​ តើមានក្បួនមកពីណា វាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ។"

ប្រសាសន៍សម្ដេចតេជោ បានបញ្ជាក់៖ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន។

បន្ទាប់ពីការបង្ហោះសាររបស់សម្ដេចតេជោ គេបានឃើញសាររបស់លោក ស៊ីថូ ណាថាន់ ដែលអ្នកគ្រប់គ្រងផ្នែកកីឡានៅ CBS បានបង្ហោះថា៖ «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC សម្រេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា»៕