ប្រធានាធិបតីចិន ថា ចិនមិននៅស្ងៀម ​​ឲ្យគេរុញទៅ រុញមក​តាមចិត្តឡើយ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ​ព្រមានថា ពុំមាននរណា​មួយ អាច​មក​បង្គាប់​បញ្ជា​លើ​​​គន្លង​ផ្លូវ​អភិវឌ្ឍន៍​​សេដ្ឋកិច្ចរបស់ចិន​បានឡើយ ។

ថ្លែងក្នុងមហាវិមាន​ប្រជាជនចិន នៅចំពោះមុខមន្រ្តីបក្ស​កុម្មុយនិស្តចិន​ជាច្រើនរូប​លោក ស៊ី បានប្តេជ្ញាថា នឹងបន្តបោះ​ជំហានឆ្ពោះ​ទៅមុខ​ ជាមួយ​គោលការណ៍​កំណែទម្រង់​សេដ្ឋកិច្ច ​នៃប្រទេសចិន ប៉ុន្តែលោកបាន​គូសបញ្ជាក់យ៉ាង​​ច្បាស់​ថា ទីក្រុងប៉េកាំង នឹងមិនងាករេ​ពីប្រព័ន្ធ​គ្រប់គ្រង ដោយ​គណបក្សតែមួយ ឬក៏ទទួលបញ្ជា​ពីប្រទេសដទៃ​ណាមួយ​ដាច់​​ខាត។

ប្រារព្ធពិធី​អបអរ​ខួប​ ៤០ឆ្នាំ នៃគោលនយោបាយ​កំណែ​ទម្រង់​​ និង​បើកចំហជា​ប្រវត្តិសាស្រ្ដ លោក ប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បាន​ព្រមានថា ពុំមាននរណា​មួយ អាច​មក​បង្គាប់​បញ្ជា​លើ​​​គន្លង​ផ្លូវ​អភិវឌ្ឍន៍​​សេដ្ឋកិច្ចរបស់ចិន​បានឡើយ ។  

ដោយមិនបាន​សំដៅចំៗ លើ​សហរដ្ឋអាមេរិក លោក ស៊ី ជិនពីង បានបន្ត​ទៀតថា ចិនមិន​បង្កការ​គំរាម​កំហែង​​ដល់​ប្រទេស​ណា​​មួយ​នោះ​ទេ ប៉ុន្តែលោកបានព្រមានច្បាស់ៗថា​ ប្រទេសចិន ក៏នឹងមិននៅ​ស្ងៀមឲ្យគេរុញទៅ​រុញ​​មក​តាម​ចិត្ត​​ឡើយ។​

គួរជម្រាបថា ឱកាសរំលឹក​ខួប ៤០ឆ្នាំ នៃគោលនយោបាយ​កំណែទម្រង់សេដ្ឋកិច្ចបើកចំហ ដែល​ផ្តួចផ្តើមឡើងដោយអតីត​មេដឹក​នាំចិន​លោក តេង ស៊ានពីង កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ បាន​ប្រព្រឹត្ត​ទៅចំពេលដែលចិន​កំពុងស្ថិតក្នុងវិវាទ​​ការ​ទូត និងសង្រ្គាម​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក៕