ក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ តាមរយៈប្រព័ន្ធវីដេអូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងឯកឧត្តម Jeon Hae-cheol រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខកូរ៉េ  នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ។

ការចុះអនុស្សរ​ណៈនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។

អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីដំណើរការមជ្ឈមណ្ឌលរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងការផ្ទេរនូវបច្ចេកវិទ្យា ក្រោមជំនួយឥតសំណងនៃសាធារណរដ្ឋកូរ៉េ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។

ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថាមជ្ឈមណ្ឌលនេះនឹងបម្រើជាថ្នាលសម្រាប់រាជរដ្ឋាភិបាលកម្ពុជាកំណត់ទិសដៅកាន់តែច្បាស់សម្រាប់បរិវត្តកម្មឌីជីថល និងសម្រេចនូវគោលដៅក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។