ការធ្វើសមាធិ គឺជាគឺជាវិធីហ្វឹកហាត់ចិត្តអារម្មណ៍របស់លោកអ្នក ឲ្យបានស្ងប់។ ការធ្វើសមាធិថ្នាក់ដំបូង គឺមនុស្សគ្រប់គ្នាអាចធ្វើបានដោយខ្លួនឯង ដោយផ្តោតអារម្មណ៍ទៅលើការដកដង្ហើមចេញចូល ចាប់ពី ៥នាទី ទៅ១៥នាទី។ ក្នុងពេលអនុវត្តសមាធិ អ្នកត្រូវប្រាកដថាអ្នកនៅកន្លែងណា ដែលអ្នកអាចបន្ធូរអារម្មណ៍បាន ពេលបដិបត្តិ។
ខាងក្រោមនេះ ជាជំហានងាយស្រួល សម្រាប់ការធ្វើសមាធិនៅតាមគេហដ្ឋាន ដោយខ្លួនឯង ៖
1) ជ្រើសរើសកន្លែងសមាធិ
ស្លៀកសម្លៀកបំពាក់មានផាសុខភាព ស្រួលខ្លួន និងជ្រើសរើសកន្លែងដែលស្ងប់ស្ងាត់។ អ្នកត្រូវស្វែងរកកន្លែងអង្គុយ ដែលស្ងប់ស្ងាត់ មានបរិយាកាសល្អ ខ្យល់អាកាសចេញចូលល្អ ។
2) កំណត់ពេលវេលា
ប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនពីសមាធិ អ្នកអាចកំណត់រយៈពេលខ្លី ៥នាទី ឬ១៥ នាទី។
3) របៀបអង្គុយសមាធិ
អ្នកអាចអង្គុយពែនភ្នែន ដាក់ដងខ្លួនឲ្យត្រង់ ហើយសម្រួលអារម្មណ៍អោយល្អមុនពេលចាប់ផ្តើមសមាធិ។ ឥរិយាបថអង្គុយសមាធិមានដូចជា អង្គុយលើកៅអី ឬលុតជង្គង់ ឬអង្គុយខ្ទាស់ភ្នែន ឬអង្គុយពែនភ្នែនក៏បាន។ អ្នកអាចជ្រើសឥរិយាបថណាមួយក៏បាន គ្រាន់តែអ្នកត្រូវប្រាកដចិត្តថា រាងកាយអ្នកផ្តល់អំណោយផលដល់ការធ្វើសមាធិក្នុងកំឡុងពេលដែលអ្នកកំណត់។
4) សតិដឹងខ្យល់ដង្ហើមរបស់អ្នក
នៅពេលអ្នកដកដង្ហើមចូល អ្នកដឹងថាដកដង្ហើមចូល នៅពេលអ្នកដង្ហើមចេញ អ្នកដឹងថាអ្នកដកដង្ហើមចេញ។ សតិ ត្រូវកំណត់ដឹងតាមដានខ្យល់ដង្ហើមចេញចូលតែម្យ៉ាង។
5) នៅពេលចិត្តរវើរវាយ
ក្នុងពេលសមាធិ អ្នកចៀសមិនផុតពីចិត្តគំនិតរវើយរវាយ ក្នុងរឿងរ៉ាវផ្សេងៗ ហើយភ្លេចតាមដានខ្យល់ដង្ហើមចេញចូល។ នៅពេលដែលអ្នកបានកត់សម្គាល់ឃើញថាចិត្តរបស់អ្នកគិតរឿងផ្សេង កុំវិនិច្ឆ័យអ្វី គ្រាន់តែបង្វែរការចាប់អារម្មណ៍របស់អ្នកទៅដង្ហើមវិញ។
6) ពេលបញ្ចប់សមាធិ
កត់សម្គាល់ពីអារម្មណ៍របស់រាងកាយអ្នកនាពេលបច្ចុប្បន្ន និងគំនិតអារម្មណ៍របស់អ្នក។ ចូរបើកភ្នែកយឺតៗឡើងវិញនោះ អ្នកនឹងមានអារម្មណ៍ធូរស្រាលជាងមុនខ្លះ៕