របៀបបង្កើតទម្លាប់ថ្មី ដើម្បីធ្វើឱ្យអ្នកក្លាយជាអ្នកអានសៀវភៅដ៏ពូកែ

ការអានសៀវភៅ គឺជាវិធីសាស្រ្តមួយយ៉ាងសំខាន់ជួយឱ្យគំនិតរបស់មនុស្សមានការអភិវឌ្ឍន៍ ទាំងចំណេះដឹង ជំនាញ និងធ្វើឱ្យមនុស្សមានការគិតបានល្អប្រសើរជាងមុន។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទសម្រាប់យុវវ័យខ្លាំងនោះ គឺការអានមិនចេះចាំ។ នៅខាងក្រោមនេះ មាន៥ចំណុចធំៗ ជួយឱ្យអ្នកក្លាយជាអ្នកអានដ៏ពូកែបាន៖

១.ជ្រើសរើសសៀវភៅតាមចំណង់ និងអានមួយក្បាលឱ្យចប់ច្បាស់លាស់

សៀវភៅល្អៗមានច្រើនណាស់ ប៉ុន្តែមិនមែនគ្រប់សៀវភៅល្អសុទ្ធតែ ទទួលបានការចូលចិត្តពីមនុស្សគ្រប់គ្នានោះទេ។ ដូច្នេះហើយអ្នកត្រូវជ្រើសយកសៀវភៅមួយក្បាល មកអានតាមចំណង់ចំណូលចិត្ត​ ហើយត្រូវអានមួយក្បាលដឹងមួយក្បាល កុំដោយសារតែឃើញសៀវភៅផ្សេងល្អ ក៏ឈប់អានបញ្ចប់សៀវភៅដែលអ្នកកំពុងអានឱ្យសោះ។

២.កត់ត្រាទុកចំណុចសំខាន់ៗ និងសង្ខេបឡើងវិញម្តងទៀត

គ្រប់ពេលដែលអ្នកកាន់សៀវភៅអាន អ្នកត្រូវតែមានប៊ិច និងសៀវភៅមួយក្បាលនៅជិតដៃ ដើម្បីទុកកត់ចំណាំកន្លែងដែលជាប្រយោជន៍ និងកន្លែងដែលអ្នកមិនទាន់យល់ច្បាស់។ បន្ទាប់ពីអ្នកអានបញ្ចប់មួយជំពូក ឬក៏មួយមេរៀនហើយ អ្នកត្រូវទាញយកសៀវភៅ មកសង្ខេបឡើងវិញពីចំណុចសំខាន់ៗ និងចំណុចដែលអ្នកចាប់អារម្មណ៍ខ្លាំង។ បើមិនដូច្នោះទេ អ្នកអាចចែករំលែក អ្វីដែលអ្នកយល់ចេះចាំ ទៅកាន់មិត្តរបស់អ្នកក៏បាន។

៣.អនុវត្តអ្វីដែលអ្នកបានអានចាំ និងបានសង្ខេបឡើង

ប្រសិនបើអ្នកអានសៀវភៅបែបផ្ដល់ដំណោះស្រាយ ហើយអ្នកកំពុងជួបបញ្ហាទាំងនោះ អ្នកអាចយកអ្វីដែលសៀវភៅបានផ្ដល់ឱ្យ អ្នកចេះចាំព្រមទាំងបានកត់ត្រាទុករួចហើយ យកមកអនុវត្តជាប្រចាំ នៅពេលដែលអ្នកមានបញ្ហា ត្រូវការដំណោះស្រាយជាចាំបាច់។ 

៤.អានសៀវភៅរបស់អ្នកស្នាដៃនិពន្ធដែលអ្នកមិនធ្លាប់អាន

ការអានសៀវភៅរបស់អ្នកនិពន្ធ ដែលអ្នកមិនធ្លាប់បានអាន អាចធ្វើឱ្យអ្នកទទួលបានចំណេះដឹងថ្មីៗ ប្លែក ព្រមទាំងអាចមានមតិផ្ទុយខ្លះ ដែលអ្នកគិតថាមិនសាកសម។ យ៉ាងណាមិញគំនិតរបស់អ្នកនិពន្ធ គឺមិនដូចគ្នាទេ ប៉ុន្តែអ្នកនិពន្ធសុទ្ធសឹងតែមានគោលដៅមួយដូចគ្នាគឺផ្ដល់ចំណេះដឹងដល់អ្នកអាន។

៥.អានសៀវភៅដែលល្អឱ្យបានពីរដងយ៉ាងតិច

ប្រសិនបើសៀវភៅនោះ ពិតជាល្អនិងត្រូវជាមួយចំណង់ចំណូលចិត្ត ថែមទាំងជួយប្រយោជន៍ បានច្រើនដល់អ្នកទាំងអស់គ្នា សូមអ្នកអានឱ្យបានពីរដង ឬក៏លើសពីនេះទៀត។ ពីព្រោះថាជួនកាល សៀវភៅល្អមួយក្បាលនេះរបស់អ្នក មានរឿងដែលអ្នកកាន់តែអាន កាន់តែយល់ ហើយកាន់តែធ្វើឱ្យអ្នកទទួលបានចំណេះដឹងកាន់តែច្រើ​ន។

សរុបមកវិញការអានសៀវភៅបានច្រើន ទិញសៀវភៅពីស្នាដៃអ្នកនិពន្ធល្បីៗមកទុកនៅផ្ទះច្រើន មិនប្រសើរដល់អ្នកដែលអានសៀវភៅចេះបានច្រើនឡើយ។ ប្រាំចំណុចខាងលើសង្ឃឹមថាអាចជួយឱ្យ ការអានរបស់អ្នកបានល្អជាងមុន និងទទួលបានចំណេះដឹងច្រើន ពីសៀវភៅដែលអ្នកបានជ្រើសរើស៕