រាជរដ្ឋាភិបាល ពិចារណាពីការចាក់វ៉ាក់សាំងបង្ការកូវីដ ដូសទី៣ ដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូសទី៣ និងការចាក់វ៉ាក់សាំងដល់ប្រជាជនក្រោមអាយុ១៨ឆ្នាំ ។ នេះបើយោងតាមលទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលមានសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានដឹកនាំប្រជុំនៅថ្ងៃនេះ ។

ក្នុងលទ្ធផលនៃកិច្ចប្រជុំ ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនឹងបន្តទិញវ៉ាក់សាំងកូវីដ១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានតាមផែនការកំណត់។

សម្ដេចតេជោ ក៏បានបញ្ជាឲ្យពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យបានម៉ត់ចត់ និងរុករក ទប់ស្កាត់នូវវីរុស Delta និងកុំឱ្យមេរោគបំប្លែងថ្មីនេះ ចូលដល់ក្នុងសហគមន៍។

សូមជម្រាបជូនដែរថា គិតត្រឹមយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានសម្រេចការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៧៥០,២៦៥នាក់៕