ចំណុចទាំងនេះជួយសន្សំសំចៃថវិកាបានមួយភាគ ដែលអ្នកអាចយកមកគិតគូរ

ខ្ទង់ចំណាយប្រចាំថ្ងៃ ប្រាកដណាស់នរណាៗក៏មិនចង់ឱ្យវាមានច្រើន ដោយហេតុថាយើងម្នាក់ៗចង់បានការចាយវាយមួយដែលមានប្រសិទ្ធិភាព។ ប៉ុន្តែក៏មានកត្តាជាច្រើន ធ្វើឱ្យយើងត្រូវចេញខ្ទង់ចាយ ឧទាហរណ៍ដោយសាររបស់ចាំបាច់ឱកាសទិញមានតិច ឬ​ដោយសារត្រូវបត់បែនតាមបរិបទសង្គមជាដើម។ តែយ៉ាងណាមិញ បើយើងអាចដកឃ្លាបន្តិចមកមើលលើចំណុចខ្លះ គឺអាចចូលរួមចំណែកជាបទពិសោធក្នុងការរៀបចំចំណាយអ្នកឱ្យមានប្រសិទ្ធិភាពឡើងវិញដែលចំណុចទាំងនោះមានដូចជា៖

1. ថ្លឹងថ្លែងពីការចង់បាន និងតម្រូវការ

ជំហានដំបូងគឺ​យើងអាចប្រៀបធៀបរវាង អ្វីជាតម្រូវការចាំបាច់ចំពោះមុខ និងអ្វីជាការចង់បានរបស់យើង។ប្រាកដណាស់ អ្វីដែលត្រូវការជាមូលដ្ឋានប្រចាំថ្ងៃនោះគឺ ចំណីអាហារប្រចាំថ្ងៃ ជម្រកសំលៀកបំពាក់ សុខមាលភាព និងការអប់រំជាដើម។ ដូចនេះអ្វីៗបន្ទាប់បន្សំអ្នកអាចចាត់ទុកវាជាប្រភេទវត្ថុដែលអ្នកចង់បាន ដែលមានន័យថាអ្នកអាចមានវាក៏បានមិនចាំបាច់ក៏បាន ឬគួរកាត់បន្ថយ ព្រោះបន្ថយពីប្រភេទចង់បានច្រើនអ្នកនឹងសល់ថវិកាសម្រាប់បម្រុងនាពេលចាំបាច់ផ្សេងៗទៀត។

2. រៀនរកថវិកាដោយខ្លួនឯង

មែនហើយបើអ្នកជាអ្នករកចំណូលថវិកាដោយខ្លួនឯងនោះ អ្នកអាចមានបទពិសោធដឹងពីសុខទុក្ខចំណូលចំណាយបានច្រើនប៉ុន្តែសម្រាប់យុវវ័យដែលទើបចាប់ផ្តើមរកចំណូល ថវិកាសម្រាប់ទ្រទង់ជីវភាពដោយខ្លួនឯងនឹងអាចផ្តើមចេះសន្សំសំចៃនៅគ្រប់ពេលចេញចំណាយ ដូចភាសាសាមញ្ញហៅថា រៀនរែកទឹកដោយខ្លួនឯង។ដូចនេះ នៅពេលមួយអ្នកត្រូវរ៉ាប់រ៉ងបន្ទុករស់នៅដោយខ្លួនឯង អ្នកនឹងយល់គ្រប់ពេលដែលត្រូវចំណាយគឺនឹងត្រូវការការគិតគូរល្អិតល្អន់។

3. ដៅចេញរបស់មួយមានប្រយោជន៍ដែលអ្នកគួរសន្សំយក

មានហេតុផលខ្លះដែលនាំឱ្យរបស់ទ្រព្យខ្លះនឹងផ្តល់ប្រយោជន៍ដល់អ្នកនាពេលខាងមុខទៅ ដូចនេះដើម្បីមិនឱ្យខ្ជះខ្ជាយប្រភពថវិកា។អ្នកអាចដាក់គោលដៅសន្សំយកវាពីវ័យនេះទៅ ឧទាហរណ៍បើអ្នកមានលទ្ធភាពសមរម្យអាចដាក់គោលដៅសន្សំទិញផ្ទះសម្រាប់នៅ ឬវត្ថុ របស់របរឬមធ្យាបាយផ្សេងៗ ដែលជួយពង្រីកមុខរបរ អាជីពអ្នកឱ្យបានរីកចម្រើន និងមានចំណូល-ល-។ ហើយនេះ ដែលយើងអាចហៅថាការវិនិយោគដោយមិនឱ្យថវិកាចេញទៅខ្ជះខ្ជាយលើអ្វីផ្សេងដែលមិនចាំបាច់។

4. រៀនធ្វើកំណត់ត្រាចំណូលចំណាយ

ពិតមែន ក្នុងមួយថ្ងៃបើអ្នកអាចធ្វើបញ្ជីចំណូលចំណាយ នោះក្នុងមួយសប្តាហ៍អ្នកនឹងអាចស្មានដឹងពីទំនោរមុខចំណាយណាខ្លះដែលអ្នកចេញលុយច្រើន។ ធ្វើបែបនេះ អ្នកនឹងដឹងថាជាទម្លាប់ចាយវាយអ្នកបានត្រឹមត្រូវឬទេ បើចំណាយមិនចាំបាច់ច្រើននោះសប្តាហ៍ក្រោយអ្នកអាចកែប្រែទម្លាប់នោះវិញ បន្ថយចំណាយឡើងវិញ ហើយបែបនេះអ្នកនឹងឃើញពីប្រសិទ្ធិភាព ដោយការអនុវត្តជាក់ស្តែងសម្រាប់ខ្លួនឯង។

5. រៀនដើរតាមអ្នកពូកែសន្សំ

មែនហើយយ៉ាងហោចណាស់អ្នកក៏មានមិត្តភក្តិបងប្អូនណាខ្លះដែលពួកគេមានចរិតលក្ខណៈពូកែសន្សំសំចៃ ចេះតថ្លៃ ហើយចេះសន្សំដោយការវិនិយោគ។ដូចនេះអ្នកអាចរៀនសូត្រពីពួកគេ មើលពីរបៀបដែលគេចេះសន្សំសំចៃ ហើយអ្វីបន្ថែមទៀតនោះគឺការវិនិយោគលើខ្លួនឯង ដែលចំណុចនេះ គឺអ្នកអាចរករៀនសូត្រស្វ័យសិក្សាពីរបៀបវិនិយោគពីប្រភពផ្សេងៗដោយខ្លួនឯងដើម្បីបង្កើនចំណេះហិរញ្ញវត្ថុសម្រាប់ជាទុនក្នុងខ្លួនដែលធ្វើឱ្យអ្នកចេះលៃលកសម្រេចចិត្តវិនិយោគផ្សេងៗទៅតាមស្ថានភាពជាក់ស្តែងរបស់អ្នក៕