ការកសាងមិត្ត មិនមែនជារឿងឥតប្រយោជន៍នោះទេ ប៉ុន្តែក៏មិនមានន័យថា ការរាប់អានមិត្តត្រូវតែចង់ទទួលយកផលប្រយោជន៍ពីគេនោះដែរ។ ពីអ្នកដទៃដែលមិនធ្លាប់ស្គាល់គ្នាសោះ អាចក្លាយជា មិត្ត ពីមិត្តភាពអាចឲ្យក្លាយជាស្នេហាបានដូចគ្នា។ ទាំងនេះគឺអាស្រ័យលើសាមីខ្លួនអ្នកផ្ទាល់ ថាអ្នកចេះវិធីសាស្រ្តដើម្បីយកមនុស្សម្នាក់ដែលមិនធ្លាប់ស្គាល់គ្នាសោះ ប្រែមកជាមិត្តជិតដិតដោយរបៀបណា?
1.កុំភ្លេចនិយាយសួស្ដីជាមួយទឹកមុខញញឹម
មិនថាអ្នកជួបគ្នាដោយកាលៈទេសៈបែបណានោះទេ អ្វីដែលអ្នកត្រូវចាប់ផ្ដើមដំបូងគឺពាក្យសួស្ដី។ ការនិយាយសួស្ដីជាមួយទឹកមុខញញឹមធ្វើឱ្យមនុស្សជាច្រើន មិនអាចគេចផុតពីការចាប់ផ្ដើមសន្ទនារបស់អ្នកជាមួយគេនោះឡើយ។ ជាពិសេសគ្មាននរណាម្នាក់ដែលមិនចូលចិត្ត មិនចង់និយាយឬមិនចង់ស្ដាប់មនុស្សដែលមានស្នាមញញឹមនិងភាពរាក់ទាក់ចំពោះគេដូចគ្នា។
2.ប្រឆាំងភាពភ័យខ្លាចនៅក្នុងខ្លួន
ជឿថា នៅពេលដែលអ្នកជួបជាមួយមនុស្ស ដែលមិនធ្លាប់ស្គាល់គ្នាសោះ អ្នកច្បាស់ជាមានភាពភ័យខ្លាចនៅក្នុងខ្លួន មិនហានជួបនិយាយផ្ទាល់ជាមួយគេ។ ប៉ុន្តែសកម្មភាពនេះ អ្នកត្រូវតែជំនះចេញឲ្យអស់ពីក្នុងខ្លួន ដោយអ្នកត្រូវតែក្លាហានប្រឈមមុខ។ វិធីសាស្រ្តដែលអាចធ្វើឲ្យអ្នកកាន់តែមានភាពក្លាហាន គឺអ្នកត្រូវជួបនិយាយជាមួយអ្នកដែលមិនធ្លាប់ស្គាល់ឲ្យបានញឹកញាប់ នោះអ្នកនឹងចាប់ផ្ដើមមានទំនុកចិត្តក្នុងការសន្ទនាបន្ដិចម្ដងៗ។
3.សន្ទនាដោយប្រើកែវភ្នែកសម្លឹង និងញញឹម
មូលហេតុដែលអ្នកត្រូវតែញញឹម ស្របពេលដែលអ្នកសម្លឹងទៅកាន់គេ ដោយសារតែការសម្លឹងអាចធ្វើឲ្យមនុស្សមានការគិតខុសៗគ្នា។ ដូច្នេះហើយប្រសិនបើយើង សម្លឹងដោយមានទឹកមុខស្មើគេអាចគិតថា អ្នកមានបំណងមិនល្អ ឬមិនពេញចិត្តការសន្ទនាជាមួយគេ។ ហេតុនេះហើយអ្នកត្រូវតែប្រើកែវភ្នែកសម្លឹងជាមួយស្នាមញញឹម បញ្ជាក់ពីការឱ្យតម្លៃ និងការពេញចំពោះការនិយាយរបស់គេ។
4.បង្កើតភាពរីករាយ
ការសើចក្នុងពេលជជែកគ្នា ជាសញ្ញាមួយបញ្ជាក់ថាអ្នកកំពុងតែចូលទៅក្នុងចិត្តរបស់គេ ហើយអាចធ្វើឱ្យការសន្ទនាកាន់តែរីករាយ និងមិនធុញថប់។ ប៉ុន្តែចំពោះបញ្ហានេះ អ្នកអាចចាប់ផ្ដើមពីការនិយាយគ្នាបែបធម្មតាសិន ហើយធ្វើឱ្យពួកគេចាប់ផ្ដើមស្គាល់ពីអ្នកកាន់តែច្រើន សឹមអ្នកធ្វើឱ្យគ្រប់គ្នាសើចដោយនិយាយរឿងកំប្លែង ឬសកម្មភាពនានា។
5.ចាប់ផ្ដើមបង្កើតទំនាក់ទំនង
សន្ទនាមានច្រើនប្រភេទ ការសន្ទនាបែបអ្នកស្គាល់គ្នាសាមញ្ញ បែបការងារ រួមទាំងការសន្ទនាជាមួយមនុស្សជិតដិត។ ការនិយាយជាមួយមិត្តភក្ដិដែលទើបស្គាល់គ្នាដំបូងៗ អ្នកអាចនិយាយលេងសើច ធ្វើឲ្យមានភាពរីករាយ បង្ហាញធាតុពិតរបស់អ្នកបាន ប៉ុន្តែអ្នកមិនត្រូវនិយាយពាក្យកុហកនោះទេ ព្រោះអ្នកទើបតែស្គាល់គ្នា ទោះជាការកុហកបែបលេងសើចក៏ដោយ ដោយសារតែក្នុងអំឡុងពេលនេះ អ្នកត្រូវការការទុកចិត្តពីគេច្រើនជាងអ្វីទាំងអស់។
ត្រឡប់មកវិញ ការមានមិត្តច្រើន ប្រសើរជាងមានសត្រូវ និងមនុស្សដែលមិត្តចូលចិត្តអ្នក។ ដូច្នេះហើយដើម្បីទទួលបានមិត្តភក្ដិឲ្យកាន់តែច្រើន អ្នកអាចសាកល្បងជាមួយវិធីសាស្ត្រ ទាំង៥ចំណុចខាងលើ ដោយមានការព្យាយាម និងត្រៀមចិត្តព្រោះថាលទ្ធផលខ្លះអាចបរាជ័យ។ ពីព្រោះថាមិត្តភាពខ្លះទាល់តែយើងមាននិស្ស័យទើបអាចបន្តបាន ដូច្នេះប្រសិនបើយើងមានសមត្ថភាពទាក់ទងជាមួយគេ ដោយប្រើវិធីសាស្ត្រទាំងនេះហើយ គេនៅតែមិនអាចក្លាយជាមិត្តបាន ក៏ចាត់ទុកថា នេះជានិស្ស័យទៅចុះ៕