ចិន អាមេរិក ផ្ដាកការដំឡើងពន្ធ ដាក់គ្នា

ក្នុងកិច្ចប្រជុំកំពូល G20 ចិន អាមេរិក បានយល់ព្រម ផ្អាកការដំឡើងពន្ធ ៩០ថ្ងៃ សម្រាប់រយៈពេលនៃការចរចា ។

រូបភាពពី Reuters

ទីក្រុងប៊ុយណូស៊ែរ៖ សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីចិន លោកស៊ីជីនភីង បានព្រមព្រៀងបញ្ឈប់ការដំឡើងពន្ធ ពាណិជ្ជកម្មថ្មី រយៈពេល ៩០ ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ BCC

ប្រធានាធិបតីទាំងពីរនាក់ បានជួបគ្នានៅទីក្រុងប៊ុយណូស៊ែរ ក្នុងកិច្ចប្រជុំកំពូល G20 ជាការចរចាលើកដំបូង ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មបានផ្ទុះឡើងនៅឆ្នាំនេះ។ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃសៅរ៍មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាលើសេចក្ដីថ្លែងការណ៍រួម តែមិនបានរិះគន់ពីសកម្មភាពគាំពារនិយម ដែលចិនធ្លាប់តែចោទ ទីក្រុងវ៉ាស៉ីនតោនឡើយ។

សេតវិមាននិយាយថា ការផ្លាស់ប្តូរលើការដំឡើងពន្ធនេះ ត្រូវបានផ្អាករយៈពេល 90ថ្ងៃ ប៉ុន្តែបានបន្ថែមថា "ប្រសិនបើចុងបញ្ចប់ នៃរយៈពេលនេះភាគីទាំងពីរ មិនអាចឈានដល់ កិច្ចព្រមព្រៀង នោះពន្ធ 10% នឹងត្រូវកើនឡើងដល់ 25% ។

សេតវិមានបានបន្ថែមថា ប្រទេសចិនបានព្រមព្រៀង ទិញផលិតផលកសិកម្ម ឧស្សាហកម្ម ថាមពល និងផលិតផលផ្សេងៗទៀត តែមិនទាន់មានបញ្ជាក់ច្បាស់លាស់។

គួរជម្រាបថា ចិន និងសហរដ្ឋអាមេរិក បានតម្លើងពន្ធលើផលិតនាំចូលរៀងៗខ្លួន ដោយទីក្រុងវ៉ាស៉ីនតោន បានតំឡើង ពន្ធជាង២៥០ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន ចាប់តាំងពីខែកក្កដាមក រីឯទីក្រុងទីក្រុងប៉េកាំង បានចាត់វិធានការសង សឹកវិញ ជាមួយការតម្លើងពន្ធ១១០ពាន់លានដុល្លារ លើផលិតផលនាំចូលពីអាមេរិក៕