តើការសមាធិមានសារប្រយោជន៍អ្វីខ្លះ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ

មនុស្សទូទៅភាគច្រើនតែងតែគិតថា ការធ្វើសមាធិគឺសម្រាប់តែ មនុស្សវ័យចំណាស់ អ្នកបួស ភិក្ខុជាដើម តែសម័យបច្ចុប្បន្ន ស្របពេលវិទ្យាសាស្ត្រកំពុងតែជឿនលឿន មនុស្សសម័យទំនើបងាកមកចាប់អារម្មណ៍ការចម្រើនសតិតាមរយៈសមាធិ។

សមាធិបានក្លាយទៅជាប្រធានបទសាកលមួយ ដែលតែងតែត្រូវបានលើកយកមកពិភាក្សា និង អនុវត្តនៅតាមស្ថាប័នការងារ សាលារៀន វិទ្យាស្ថាននានា ជាដើម។ ជាពិសេសសមាធិ ត្រូវបានគេយកមកអនុវត្តច្រើន លើវិស័យព្យាបាល ផ្នែកចិត្តវិទ្យា  ការគ្រប់គ្រងចិត្ត សតិអារម្មណ៍។

ការរស់នៅសព្វថ្ងៃ ស្ថិតក្នុងតំណាក់កាលព្រួយបារម្ភ ភ័យខ្លាចច្រើន ការងារមមាញឹក និង ស្ថានភាពប្រកួតប្រជែងឥតឈប់ឈរ។ ក្នុងស្ថានភាពបែបនេះ ភាពតានតឹងផ្លូវចិត្ត អារម្មណ៍អាចបណ្តាលអោយមានបញ្ហាសុខភាពចំពោះ ផ្លូវកាយ និង ផ្លូវចិត្ត។ វិធីសាស្ត្រជួយខ្លួនឯងមួយ ដើម្បីសម្រេចបានសុខភាពផ្លូវចិត្ត និងផ្លូវកាយល្អប្រសើរ នៅគឺការចម្រើនសតិតាំងខ្ជាប់ខ្ជួន តាមរយៈសមាធិ។

តើអ្វីទៅជាសមាធិ?

ការធ្វើសមាធិមានច្រើនប្រភេទ នៅក្នុងសាកលលោក ប៉ុន្តែគោលបំណងដូចគ្នាតែ១គត់គឺ ធ្វើអោយចិត្តស្ងប់ ផ្តោតអារម្មណ៍លើវត្ថុតែមួយ ។ "សមាធិ " គឺ ការ តាំងចិត្តមាំ ក្នុងអារម្មណ៍តែមួយ។  នៅក្នុងព្រះពុទ្ធសាសនាបែងចែកសមាធិជា ២យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ។

តើការសមាធិមានសារប្រយោជន៍អ្វីខ្លះ?

សមាធិ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ សមាធិគឺជួយឲ្យយើងរស់នៅជាមួយខ្លួនឯង និងមនុស្សជុំវិញខ្លួនប្រកបដោយស្នាមញញឹម។ ក្រៅពីនេះ សមាធិចិត្ត ជួយអោយយើងរស់នៅប្រកបដោយសន្តិភាពខាងក្នុងចិត្ត មានចិត្តមេត្តាចំពោះខ្លួនឯង និង អ្នកដទៃផងដែរ។ លើសពីនេះ អ្នកប្រតិបត្តិសមាធិរឿយៗ នឹងកាន់មានទំនុកចិត្តចំពោះខ្លួនឯង និងផ្តោតអារម្មណ៍បានល្អចំពោះការងារដែលកំពុងតែមានទំនួលខុសត្រូវ។

ការធ្វើសមាធិបានត្រឹមត្រូវ មានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពរាងកាយ និងចិត្ត ដូចជា៖ ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ សរសៃឈាមដំណើរការល្អ កាត់បន្ថយស្ត្រេស ចិត្តស្ងប់ ចម្រើនសតិបញ្ញាស្មារតីរឹងមាំ ផ្តោតអារម្មណ៍លើការងារបានល្អ  មានការយល់ដឹងអំពីខ្លួនឯង អំពីជីវិត ធម្មជាតិចិត្ដ ជាដើម។ល។ 

យើងត្រូវបដិបត្តិសមាធិ ម្តងហើយ ម្តងទៀត រហូតក្លាយជាទម្លាប់មួយអនុវត្តជាប្រចាំក្នុងឥរិយាបថទាំង៤ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់៕