លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា សម្ដេចតេជោគ្មានជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យបានមកយកសំណាកតេស្ដពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីរកលទ្ធផលតេស្ដកូវីដជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយសារតែសម្ដេចបានប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា សម្ដេចតេជោមិនមានជំងឺកូវីដ១៩នោះទេ

សាររបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម៖ ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ខែ កក្កដា ឆ្នាំ២០២១ នេះ។

សារសម្ដេចតេជោបានបង្ហាញថា ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែសម្ដេចតេជោម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេ រហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ សម្ដេចតេជោសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។

សម្ដេចតេជោបន្តលើកឡើងថា៖ ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុន យ៉ាងហោចណាស់គឺការធ្វើតេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕