រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការករណីឃើញមេរោគកូវីដ-១៩បំប្លែងថ្មី B.1.617.2 (ឌែលតា) លើមនុស្ស ចំនួន២៣នាក់ ដែលករណីឆ្លងទាំងនេះ ត្រូវបានរកឃើញលើពលរដ្ឋខ្មែរធ្វើដំណើរមកពីប្រទេសថៃ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន ១១នាក់ ក្នុងនោះមានស្ត្រី ៥នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី កាលពីថ្ងៃទី១កក្កដា បន្ទាប់ពីពួកគេបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជាវិញ។បន្ថែមលើករណីឆ្លងលើពលរដ្ឋខ្មែរចំនួន ១២នាក់ផ្សេងទៀតផង ដែរលត្រូវបានរកឃើញកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ដោយបានឆ្លងកាត់តាមច្រក អូរស្មាច់ អូរបីជាន់ និងច្រកចំបក់។
អ្នកជំងឺដែលមានវីរុសបំប្លែងថ្មីនេះ នឹងត្រូវនៅដាច់ដោយឡែកពីអ្នកជំងឺកូវីដ១៩ផ្សេងទៀត និងត្រូវធ្វើចត្តាឡីស័ករហូតដល់ ២១ថ្ងៃផងដែរ។ បើតាមការប្រកាសរបស់អង្គការសុខាភិបាលពិភពលោក កាលពីសប្ដាហ៍មុនថា មេរោគកូវីដ១៩ ប្រភេទ Delta នេះមានភាពងាយក្នុងការឆ្លងលឿន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ក្រសួងបញ្ជាក់ឱ្យដឹងផងដែរថា មានបុគ្គលិកសុខាភិបាលមួយរូបនៅខេត្តឧត្ដរមានជ័យ ក៏ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះផងដែរ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកជាថ្មីម្ដងទៀតទៅដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនពីការឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះ៕