1. Apple Iconsiam ទីក្រុងបាងកកប្រទេសថៃ
លំដាប់ទីមួយយើងមកមើលប្រទេសជិតខាងសិនដែលជាសាខាដំបូងបង្អស់ក្នុងប្រទេសថៃ។ បានចាប់ផ្តើមដំណើរការប្រហែល ២ ឆ្នាំកន្លងមក មានទីតាំងនៅមជ្ឈមណ្ឌលផ្សារទំនើបអាយខនស្យ៉ាម (Iconsiam) មានបុគ្គលិកប្រហែល ១០០ នាក់។ សាខានេះស្ថិតនៅជាប់មាត់ទន្លេចៅប្រាយ៉ា ចំណែកឯការរចនាវិញសាកសមនឹងតួអគារផ្សារទំនើបតែម្តង ដោយការរចនាហាងរាងពងក្រពើ ព្រមជាមួយនឹងកញ្ចក់ថ្លាធ្វើឱ្យអតិថិជនអាចគយគន់ទេសភាពបានយ៉ាងប្រណីត។ ទន្ទឹមនឹងនេះនៅខាងមុខហាងក៏ប្រើកញ្ចក់ថ្លាដូចគ្នាដែរ ដើម្បីឱ្យអាចមើលឃើញដល់ខាងក្នុងតាំងពីក្រោមរហូតដល់ដំបូលតែម្តង។
2. Apple Sanlitun ទីក្រុងប៉េកាំងប្រទេសចិន
កាលពីខែកក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុន Apple ក៏បានធ្វើការកែតម្រូវហាងដែលជាសាខាដំបូងនៅក្នុងប្រទេសចិនក្រោយពីបើកដំណើរការបាន១២ ឆ្នាំមកហើយ។ តាមរយៈការពង្រីកបរិវេណហាងឱ្យកាន់តែធំជាងមុនទ្វេដង និងជាហាងលក់រាយដំបូងបង្អស់នៅប្រទេសចិន ដែលប្រើថាមពលពីបន្ទះសូឡារ។ ការរចនានេះសង្កត់ធ្ងន់លើវត្ថុធាតុដើមដែលផលិតនៅក្នុងប្រទេសចិនដូចជា កញ្ចក់ទំហំ ៣៣ហ្វីតដែលអាចមើលពីក្រៅធ្លុះដល់ខាងក្នុង កុម្ម៉ង់មកពីទីក្រុងធានជីនកម្រាលឥដ្ឋធ្វើពីថ្ម Padang Light មកពីខេត្តសានតុង ខណៈជណ្តើរទាំងសងខាងរបស់ហាងត្រូវបានរចនាឡើងស្របគ្នានឹងជណ្តើរនៅខាងក្រៅដែរដើម្បីធ្វើឱ្យហាងកាន់តែធំទូលាយ។
ក្រៅពីនេះទីលានទិសខាងលិចត្រូវបានដាំដើម Sophora Japonica ដែលជាដើមឈើជាតិរបស់ទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះ ការកែច្នៃលើកនេះចំនួនបុគ្គលិកក៏បានកើនឡើងដល់១៨៥ នាក់ដែលកាលពីមុនមានត្រឹមតែ ៥២ នាក់ប៉ុណ្ណោះ។
3. Apple Carnegie Library ទីក្រុងវ៉ាស៊ីញតោនសហរដ្ឋអាមេរិក
AppleStore សាខានេះជាអគារប្រវត្តិសាស្រ្តដែលត្រូវបានជួសជុលឡើងវិញស្ថិតក្នុងបណ្ណាល័យCarnegie លើទីលាន Mount Vernon Square។ សាខានេះមានបុគ្គលិកដែលអាចនិយាយបាន ២៧ ភាសា។ ដោយសារតែទីនេះជា DC History Center ថ្មីរួមមានបណ្ណាល័យ Kiplinger Research សាលលិល្បៈចំនួន ៣និងសារមន្ទីរដែលដំណើរការដោយសមាគមប្រវត្តិសាស្រ្តប្រចាំទីក្រុងវ៉ាស៊ីញតោន។ ហេតុនេះហើយការរចនាសាខានេះឡើងត្រូវសហការជាមួយអ្នកជំនាញផ្នែកអភិរក្សដែរ។
តាមរយៈការរក្សាទម្រង់នៃអគារផ្នែកខាងមុខ ដែលមានសារៈសំខាន់ខាងប្រវត្តិសាស្រ្តឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ការតុបតែងកម្រាលឥដ្ឋផ្នែកខាងក្នុងរួមទាំងការស្តារឡើងវិញនូវព័ត៌មានលម្អិតទាំងឡាយ ឱ្យត្រលប់មកដូចដើមវិញ។ ពេលដើរចូលទៅខាងក្នុងនឹងមានអារម្មណ៍ថាមានភាពអស្ចារ្យ។ ពិដានខាងលើដែលជាកន្លែងដែលពន្លឺព្រះអាទិត្យអាចឆ្លុះចូលមកខាងក្នុងបាន ពីដើមឡើយជាកន្លែងខ្ចីសៀវភៅក្នុងបណ្ណាល័យ ប៉ុន្តែពេលនេះត្រូវបានកែច្នៃឱ្យទៅជាទីធ្លាសម្រាប់ព្រឹត្តិការណ៍ Todayat Apple ដែលរួមបញ្ចូលវគ្គថតរូប បង្កើតខ្សែភាពយន្តបទចម្រៀង និងការសរសេរកូដ។ មិនតែប៉ុណ្ណោះ ក៏មានជាន់ក្រោមដីដែលបង្ហាញពីរូបភាពនិងឯកសារដែលទាក់ទងដើមកំណើត និងប្រវត្តិសាស្រ្តនៃអគារមួយនេះ។
4. Apple Champs-Élysées ទីក្រុងប៉ារីសប្រទេសបារាំង
នេះក៏ជាសាខាមួយទៀត ដែលកើតឡើងពីការកែច្នៃអគារចាស់ៗឱ្យត្រឡប់មកមានសម្រស់ស្រស់ស្អាតម្តងទៀត ស្ថិតនៅលើផ្លូវ Champs-Élysées។ ទីនេះជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ក្នុងទីក្រុងប៉ារីស និងជាកន្លែងទេសចរណ៍ដែលល្បីរន្ទឺនៅលើពិភពលោក។ អគារនេះផ្តល់ការងារដល់មនុស្សជាង ៣៣០ នាក់ អាចនិយាយបាន ១៧ ភាសា។សួនច្បារក្នុងអគារសម័យ Haussmann ត្រូវបានផ្លាស់ប្តូរទៅជាវេទិកាដ៏ធំ។
មានការឆ្លាក់ដំបូលដើម្បីឱ្យពន្លឺអាចឆ្លុះចូលបានមានការបំពាក់បន្ទះសូឡារ និងមានប្រព័ន្ធផ្ទុកទឹកភ្លៀងដើម្បីជាប្រភពផ្គត់ផ្គង់បន្ទប់ទឹកដើមឈើ និងជញ្ជាំងពណ៌បៃតងជាការឆ្លុះបញ្ចាំងអំពីបេសកកម្មនៃថាមពលកើតឡើងវិញ បាន១០០%។ អគារនេះមានស្ថាបត្យកម្មទំនើប រួមនឹងបែបបទសម័យបុរាណ។ ជញ្ជាំងផ្នែកខាងក្រៅនៃអគារធ្វើពីថ្មពណ៌ក្រហមប៊ឺហ្គូឌីឥដ្ឋក្រាលដោយក្តារឈើបារាំង។
5. Apple Marunouchi ទីក្រុងតូក្យូ ប្រទេសជប៉ុន
សាខានេះស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្ម Marunouchi ជិតវិមានអធិរាជ។ ផ្នែកខាងមុខនៃអគារមានភាពលេចធ្លោដោយសារមានទូពីរជាន់ធ្វើពីអាលុយមីញ៉ូមរាងកោងត្រង់ជ្រុងបែប3D។ ផ្នែកខាងក្នុងមានដើមឬស្សីដាំជាជួរត្រង់កញ្ចក់ផ្លូវចូលក្នុងបរិវេណហាងដ៏ធំទូលាយ។ ទីនេះមានបុគ្គលិកចំនួន ១៣០ នាក់ដែលអាចនិយាយបាន ១៥ ភាសា។ចំណែកឯហាង Apple Fukouka ក៏ត្រូវបានប្តូរមកទីនេះដែរ។
6. Apple Fifth Avenue ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក
ទីនេះជាអគារដែលរចនាថ្មីទាំងអស់និងមានចំណុចលេចធ្លោជាច្រើន។សាខានេះត្រូវបានលោកស្ទីវចបបង្កើតឡើងតាំងពីឆ្នាំ 2006 ។អគារទម្រង់គូប និងជាកន្លែងបង្ហាញផលិតផលរបស់ Iphone តាំងពីម៉ូដែលដំបូងបង្អស់ក្នុងឆ្នាំ ២០០៧។ អគារនេះត្រូវបានកែលម្អរឱ្យមានទំហំធំជាងមុន ២ ដងប៉ុន្តែស្ថិតក្នុងទម្រង់គូបដដែលនិងបំពាក់ដោយកញ្ចក់ថ្លា។
ពិដានត្រូវបានលើកឡើងឱ្យខ្ពស់ជាងមុនដើម្បីទទួលបានពន្លឺធម្មជាតិច្រើនជាងមុន។ ផ្នែកខាងក្នុងមានជណ្តើរវិលដែលធ្វើពីដែកអ៊ីណុកផ្សំកញ្ចក់ដែលមើលទៅដូចជាជណ្តើរអណ្តែតមិនតែប៉ុណ្ណោះក៏មានជណ្តើរយន្តរាងរង្វង់ដែរ។ទីនេះគឺជាសាខាតែមួយគត់ដែលបើកបម្រើសេវាកម្ម ២៤ ម៉ោង៕