មុនពេលវ័យ៣០ ជាពេលដែលអ្នកគួរកសាងសមត្ថភាពប្រាកដប្រជា និងសាកល្បងប្រលូកក្នុងសង្គមនិងការរស់នៅប្រចាំថ្ងៃ ដើម្បីដកយកពិសោធខ្លះ មុនពេលឈានដល់វ័យខ្ទង់ក្បាលបី (វ័យ៣០ឆ្នាំ) ដែលជាវ័យត្រូវសម្រចចិត្តក្នុងកិច្ចការធំៗច្រើន។ ដូចនេះការត្រៀមរៀបចំខ្លួនបានល្អ និងស្វែងយល់បទពិសោធ គឺជួយឱ្យអ្នកអាចស្វាគមន៍វ័យ៣០ឆ្នាំអ្នក ទៅតាមលទ្ធផលដែលអ្នកប្រឹងប្រែងហើយជាគំនិតខ្លះដែលមានដូចជា៖
១.ធ្វើដំណើរកម្សាន្តដោយខ្លួនឯង
បើទោះអ្នកមានគូ ឬមិនមានគូ ក៏អាចពិចារណា អាចធ្វើដំណើរកម្សាន្តបានដោយខ្លួនឯង។ នេះក៏ព្រោះបទពិសោធនោះគឺបង្រៀនឱ្យអ្នកចេះសម្រេចចិត្ត និងរៀនបទពិសោធថ្មីៗដោយភាពឯករាជ្យខ្លួនឯង។
២. ចូលរៀនវគ្គខ្លីពីជំនាញណាមួយដែលចូលចិត្ត
មិនថាសិល្បៈ ហត្ថកម្ម ជំនាញជួសជុល ធ្វើម្ហូប រៀនតិចនិកឆុងកាហ្វេឱ្យតែអ្នកធ្វើវាដោយពេញចិត្ត និងភាពរីករាយ នោះវានឹងផ្តល់ផលឱ្យអ្នកវិញ នៅពេលអ្នកបានចេះចំណេះនោះច្បាស់លាស់។
៣. ហាត់កីឡា
ប្រាកដណាស់ អំឡុងនេះអ្នកអាចចាប់ផ្តើមរើសយកប្រភេទកីឡាណាមួយដែលស័ក្តិសមជាមួយខ្លួនឯងហើយអ្នកអាចបន្តធ្វើវារហូតដល់ខ្ទង់វ័យ៣០ ដែលនឹងធ្វើឱ្យរាងកាយ ស្មារតីអ្នកមាំមួន មិនថាកីឡាបាល់ទាត់ជិះកង់ រត់ម៉ារ៉ាតុង ឬហែលទឹកជាដើម។
៤. មាន Insurance ខ្លះសម្រាប់ខ្លួនឯង
មែនហើយការគិតគូរទុកមុន អំពីហានិភ័យដែលនឹងអាចកើតឡើងមើលមិនឃើញអ្នកអាចគិតគូរប្រភពថវិកាខ្លះសម្រាប់បង្ការ ឬមួយអាចប្រើប្រភពថវិកាវិនិយោគលើធានារ៉ាប់រ៉ងដើម្បីបង្ការហានិភ័យណាមួយផងដែរ ដែលជាការគិតគូរត្រៀមទុកមុនចៀសវាងហានិភ័យកើតឡើងទើបយើងផ្តើមការពារ។
៥. វិនិយោគលើខ្លួនឯង
មែនហើយអំឡុងវ័យមុន៣០ឆ្នាំនេះ គួរមានចំណេះ និងជំនាញច្បាស់លាស់ណាមួយពិតប្រាកដអ្នកអាចលៃលកវិនិយោគលើការសិក្សានៅសាកលវិទ្យាល័យ ឬស្ថាប័នអប់រំជំនាញណាមួយឬអាចស្វែងរកបទពិសោធក្នុងសង្គមដោយខ្លួនឯង សម្រាប់ជាទុនក្នុងការបង្កើតគ្រឹះជំនាញណាមួយសម្រាប់អនាគតវ័យខ្ទង់ក្បាលបី(អាយុ៣០) មកដល់។
៦. រៀនអំពីសង្គម និងនយោបាយ
មែនហើយពីវ័យ១៨ឆ្នាំឡើងអ្នកគឺជាប្រជាពលរដ្ឋពេញសិទ្ធិមួយរូបក្នុងសង្គមដូចនេះអ្នកគួរស្វែងយល់ពីបទពិសោធក្នុងសង្គមឱ្យបានច្រើនក្នុងនាមជាពលរដ្ឋមួយរូបតាមរយៈការសង្កេតស្វែងយល់ពីច្បាប់ទម្លាប់ ស្ថានភាព ទាំងក្នុង និងក្រៅប្រទេស សម្រាប់ការសម្រេចចិត្តក្នុងនាមជាពលរដ្ឋហើយក៏ព្រោះថាអ្នកជាផ្នែកមួយនៃការអភិវឌ្ឍសង្គមរបស់អ្នកផងដែរ។
៧. រៀនជម្នះភាពភ័យខ្លាចខ្លះ
ពេលខ្លះអ្វីដែលអ្នកខ្លាចគឺជាការគិតរបស់អ្នកប៉ុណ្ណោះដែលធាតុពិតគឺអ្នកមានសមត្ថភាពខ្លាំងជាបញ្ហា ឬឧសគ្គខ្លះ។ ដូចនេះគួរគប្បីរៀនជម្នះបញ្ហាទាំងនោះដោយស្មារតី បញ្ញា និងក្តីសង្ឃឹម អមដោយភាពអំណត់អត់ធន់។
៨. វិនិយោគ បូកសន្សំ
មែនហើយ វ័យមុន៣០ឆ្នាំនេះបើទោះមិនទាន់មានគ្រួសារ ឬមានហើយក៏ដោយ ក៏អ្នកអាចលៃលកបង្កើនចំណូលបង្កើនទ្រព្យទុកសម្រាប់ថ្ងៃមុខ។ វិនិយោគខ្លះ ទុកបម្រុងខ្លះ សន្សំសំចៃខ្លះនឹងបង្រៀនអ្នកឱ្យមានភាពចាស់ទុំក្នុងហិរញ្ញវត្ថុសម្រាប់បង្ការពេលមានអាសន្នផ្សេងៗដែលយើងមើលមិនឃើញ។
៩. ចូលកៀករៀមច្បងដែលមានបទពិសោធ
វ័យមុន៣០ឆ្នាំច្បាស់ណាស់បទពិសោធខ្លះ យើងមិនធ្លាប់ជួបច្រើននោះទេ ដូចនេះ ការសាកសួររៀមច្បងរៀនសូត្រពីចាស់ទុំ ឬជួយកិច្ចការពួកគាត់គឺជាអ្វីដែលអ្នកនឹងអាចទទួលបានជាបទពិសោធឬត្រៀមមុនពេលអ្នកដល់វ័យនោះ ដែលពួកគាត់ធ្លាប់ឆ្លងកាត់៕