សម្ដេចតេជោ បើកឲ្យក្រុមហ៊ុន រោងចក្រ អាចធ្វើតេស្ដរហ័សរកកូវីដលើបុគ្គលិកដោយខ្លួនឯង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ 

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ត្រូវគ្រប់គ្រងសុខភាពបុគ្គលិករបស់ខ្លួន ហើយបើចាំបាច់ត្រូវតេស្តបុគ្គលិកដោយខ្លួនឯង តាមឧបករណ៍តេស្តរហ័ស។ នេះជាវិធានការមួយទៀតដើម្បីគ្រប់គ្រងនៃការរីករាលដាលកូវីដ១៩។

ការអនុញ្ញាតបែបនេះ គឺជាការកាត់បន្ថយនូវដំណើរការស្មុគស្មាញ និងការយឺតនៃការដាក់ពាក្យស្នើសុំ រាយការណ៍ និងជាការសម្រួលដល់ក្រុមគ្រូពេទ្យរដ្ឋ ក្នុងការចុះយកសំណាកនៅតាមទីតាំងក្រុមហ៊ុនឯកជនទាំងនោះ។

សម្ដេចតេជោ ក៏បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវរៀបចំក្រុមគ្រូពេទ្យដើម្បី បង្ហាត់បង្រៀនពីការធ្វើតេស្តរហ័ស ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋធ្វើតេស្តដោយខ្លួនឯងផងដែរ។ 

សម្តេចតេជោក៏បានប្រកាសដាក់ចេញយុទ្ធសាស្ត្ររុករក និងគ្រប់គ្រងដែរ ដែលយុទ្ធសាស្ត្រនេះ មានវិធានការរួមមាន៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ, ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកមេរោគបំប្លែងភេទថ្មី, ពង្រីកការធ្វើតេស្តរហ័ស, រៀបចំការធ្វើការចត្តាឡីស័កឱ្យបានត្រឹម រកឃើញហើយត្រូវទុកអ្នកជំងឺកន្លែងណា ព្យាបាលកន្លែងណា ឬឱ្យនៅព្យាបាលតាមផ្ទះ និងតាមដានដោយបច្ចេកវិទ្យាព័ត៌មាន៕