សម្ដេចតេជោ ហ៊ុន សែន៖ ការរៀបចំបូជាសពអ្នកកើតកូវីដ ត្រូវធ្វើឲ្យបានសមរម្យបំផុត ជាការគោរពដល់សព

រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការរៀបចំទិញមឈួស និងការរៀបចំទិញកោដ្ឋិសម្រាប់ដាក់ធាតុជូនដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានសមរម្យ ជាការគោរពចុងក្រោយដល់សព។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១ កក្កដា ២០២១នេះ ។

សម្ដេចតេជោ បានលើកឡើងថា អ្នកសា្លប់ដោយសារកូវីដ១៩ គឺគួរឲ្យអាណិតណាស់ទៅហើយ ដោយគ្មានសមាជិកគ្រួសារ សាច់ញាតិមកចូលរួមបាននោះទេ ព្រោះតែជំងឺឆ្លងកូវីដនេះ ដូច្នេះ ការរៀបចំបូជាសពរបស់អ្នកស្លាប់ គឺត្រូវធ្វើឡើងឲ្យបានល្អ។

សម្តេចតេជោ ក៏បានអោយឧត្តមសេនីយ៍ សៅ សុខា យកឈើរឹបអូសបានរៀបចំធ្វើក្តាមឈូស ហើយចំពោះមុខនេះ ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់ ពីព្រោះសម្តេចគិតថា ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព។

សម្តេចតេជោក៏បាន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររៀបចំកប់ ឬបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ៤យ៉ាង៖ រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា, ប្រើបច្ឆាតាមវត្ត តែត្រូវធានាសុវត្ថិភាព ដោយធ្វើការជាមួយព្រះចៅអធិការវត្ត, រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់។

សូមជម្រាបជូនដែរថា ករណស្លាប់ដោយសារកូវីដនៅកម្ពុជាសរុបត្រឹមថ្ងៃនេះ មាន៦២៨ករណី និងការស្លាប់ចុងក្រោយ ជាប្រចាំថ្ងៃបានកើនឡើងដល់ច្រើនជាង ២០នាក់៕