វ៉ាក់សាំងការពារកូវីដ ចំនួន៥លានដូសទៀត នឹងមកដល់ក្នុងខែ កក្កដានេះ

រាជធានីភ្នំពេញ៖ វ៉ាក់សាំងការពារកូវីដ១៩ ចំនួន៥លានដូសទៀត នឹងមកដល់ក្នុងខែ កក្កដានេះ ក្នុងនោះមាន វ៉ាក់សាំង Sinopharm ចំនួន ២លានដូស និងវ៉ាក់សាំង Sinovac ចំនួន ៣លានដូស។ នេះបើតាមប្រសាសន៍របស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃ ១កក្កដានេះ ដោយបានលើកឡើងថា វ៉ាក់សាំងរបស់ប្រទេសចិន នឹងមកដល់ជាបន្តបន្ទាប់ក្នុងខែ កក្កដា២០២១ នេះ ចំនួន ៥លានដូស ដែលក្នុងនោះមាន Sinopharm ១លានដូស នឹងមកដល់ក្នុងថ្ងៃ ៦កក្កដា និង ក្នុងថ្ងៃ ១០កក្កដា វ៉ាក់សាំង Sinopharm នឹងមកដល់១លានដូសទៀត រីឯ Sinovac ក៏នឹងមកដល់ ៣លានក្នុងថ្ងៃ១០កក្កដាដែរ។

ការមកដល់វ៉ាក់សាំងរបស់ប្រទេសចិន តាមផែនការនេះ នឹងអាចឲ្យកម្ពុជា សម្រេចបានផែនការចាក់វា៉ក់សាំង ១០លាននាក់ យ៉ាងយូរត្រឹមខែ វិច្ឆិកា ផងដែរ បើតាមល្បឿននៃការចាក់គឺក្នុង ១សប្ដាហ៍ មានប្រជាជនប្រមាណ១លាននាក់ បានមកចាក់វ៉ាក់សាំង។

សូមជម្រាបជូនដែរថា មកត្រឹមថ្ងៃនេះ កម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ ដល់ប្រជាជនបានចំនួនជាង ៤.២លាននាក់ រួចហើយ និងកំពុងបើកយុទ្ធនាការចាក់នៅតាមបណ្ដាខេត្តនានា។ ដោយឡែកយុទ្ធនាការចាក់ ក្នុងរាជធានីភ្នំពេញនឹងបិទបញ្ចប់ត្រឹមថ្ងៃ ៨ កក្កដានេះផងដែរ ហើយក្រុមពេទ្យយោធានឹងចល័តទៅតាមខេត្តគោលដៅបន្ថែមទៀត៕