បន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវវាងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឋិតនៅក្នុងគម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ។
គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរតែ១០០%ហើយ។ កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណ ១២ ០០០ ដើម ចាប់ក្រុងបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ផ្លូវវាងក្រុងបាត់ដំបង និងផ្លូវវាងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវប្រមាណ៦៤០០ ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នក បើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។
សន្តិភាពដែលទទួលបានដោយលំបាកនេះ អាចផ្តល់ឱកាសឱ្យយើងបានកសាងអភិវឌ្ឍសមិទ្ធផលជាតិ បានបន្តបន្ទាប់ដូចថ្ងៃនេះ ហើយបច្ចុប្បន្ននេះខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺពោពេញដោយ សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕