រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងវិបត្ដិជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ខែទៀត គិតចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២១។
នេះបើតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីវិធានការបន្ថែមលើការគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៩) ។
ឯកឧត្តម វង្សី វិស្សុត ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ៣៥០លានដុល្លារក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ប្រមាណជាង៦០ម៉ឺនគ្រួសារ គិតចាប់ពី ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ មក។
នេះជាវិធានការជំនួយសង្គម ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ដោយរួមទាំងវិធានការជាច្រើនទៀតដែលបានដាក់ចេញជាបន្តបន្ទាប់សម្រាប់កម្មកររោងចក្រសហគ្រាស និងអាជីវកម្មនានា ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩៕