ភ្នំពេញ៖ រយៈពេលត្រឹមតែ២សប្ដាហ៍ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងបាន ១លាននាក់បន្ថែមទៀត ដែលកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ ប្រទេសកម្ពុជា ចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់ មកដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់។
អ្នកដែលបានទទួលវ៉ាក់សាំងលេខរៀងទី ៤លាន គឺបានទៅលើ លោក សូ សយ អាយុ៦៥ឆ្នាំ ជាយុទ្ធជនពិការជើងឆ្វេង ដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
សូមជម្រាបជូនដែរថា លោក សូ សយ នឹងទទួលបាននូវថវិការលើកទឹកចិត្តពីសម្ដេចតេជោ ហ៊ុន សែន ចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ ដែលលោកជំទាវឱ វណ្ណឌីន នឹងនាំសម្ភារះថវិការទៅជូនដោយផ្ទាល់ ។
ក្នុងសារដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថែ្លងអំណរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។
ក្នុងសារដែលបង្ហោះខាងលើ ក៏បានបញ្ជាក់ដែរពីការថ្លែងអំណរគុណ ចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។
"ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះ កុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ" ៕