កម្ពុជាបានទទួលវ៉ាកសាំងពីប្រទេសចិនមានចំនួនជាងដប់លានដូស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា វ៉ាក់សាំងចិនសម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន ១ លានដូសដែលជាការបញ្ជាទិញរបស់ភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ វ៉ាក់សាំងកូវីដដែលភាគីចិនបានផ្តល់ជូនភាគីកម្ពុជារហូតមកដល់ពេលនេះមានចំនួនលើសពី ១០ លានដូស។

ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសមួយនេះ។

 រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ២.២ លានដូស ទន្ទឹមនឹងនេះភាគីចិនក៏បានប្រគល់វ៉ាក់សាំងកូវីដចំនួន ៨.៥ លានដូស ដែលជាការបញ្ជាទិញជូនដល់ភាគីកម្ពុជាផងដែរ។ វ៉ាក់សាំងចិន នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស។

ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា៖ ភាគីចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែងបង្ហាញពីអត្ថន័យស្នូលនៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្តតាមប្រសាសន៍ដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដជាផលិតផលសាធារណៈសម្រាប់សកលលោក។

គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជាង ៤លាននាក់។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕