ជៀសវាងគ្រោះថ្នាក់ អ្នកដែលមានជំងឺ៦មុខនេះមិនគួរទទួលទានស្វាយឡើយ

គុណតម្លៃនិងសារធាតុចិញ្ចឹមដែលមានក្នុងផ្លែស្វាយ

ស្វាយទុំទម្ងន់១ខាំ (១០០ក្រាម) អាចផ្ដល់កាឡូរីដល់ទៅ៦៥ កាបូហាយដ្រាត១៧ក្រាម វីតាមីន A  3,894 UI (ដែលស្មើនឹង78% នៃបរិមាណដែលរាងកាយត្រូវការប្រចាំថ្ងៃ) វីតាមីន C ២៨ម.ក្រ (ស្មើនឹង 46%ដែលរាងកាយត្រូវការ) វីតាមីន E ១ ម.ក្រ (ស្មើ១០%នៃរាងកាយត្រូវការ)។ ចំពោះស្វាយខ្ចីមានជាតិវីតាមីន A ទាបជាងស្វាយទុំ ប៉ុន្តែមានវីតាមីន C ច្រើនជាងទៅវិញ។

វីតាមីន A និងវីតាមីន Cដែលមានក្នុងផ្លែស្វាយមានប្រសិទ្ធភាពក្នុងការប្រឆាំងអុកស៊ីតកម្មល្អចំពោះចក្ខុវិញ្ញាណ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ចំណែកវីតាមីន B6 និងវីតាមីនB ផ្សេងទៀតជយយការពារពីជំងឺខួរក្បាល និងជំងឺបេះដូង។រីឯប៉ូតាស្យូមជួយរក្សាតុល្យភាពនៃបរិមាណជាតិសូដ្យូម ប៉ូតាស្យូមក្នុងរាងកាយ។

ក្រុមមនុស្ស៦ប្រភេទដែលមិនគួរទទួលទានផ្លែស្វាយ

១. អ្នកដែលលើសទម្ងន់

ស្វាយគឺជាផ្លែឈើមួយប្រភេទដែលមានជាតិវីតាមីននិងរ៉ែខនិជខ្ពស់។ ការញ៉ាំផ្លែស្វាយជួយបន្ថែមសារធាតុចិញ្ចឹមជាច្រើនបន្ថែមទៀតទៅដល់សុខភាព។ ទោះជាយ៉ាងណាផ្លែស្វាយ (ជាពិសេសស្វាយទុំ) មានផ្ទុកជាតិស្ករច្រើនលើសលប់ ដែលមិនល្អចំពោះអ្នកដែលកំពុងសម្រកទម្ងន់អ្នកដែលធាត់ខ្លាំង ឬដុះក្បាលពោះឡើយ។

យោងតាមការសិក្សា សូម្បីតែមនុស្សដែលមានសុខភាពល្អក៏គួរតែបរិភោគផ្លែស្វាយត្រឹមតែ២០០ ទៅ២៥០ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដើម្បីផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅដល់រាងកាយនិងមិនបង្កផលប៉ះពាល់ដល់សុខភាព។

២. អ្នកដែលមានជំងឺទឹកនោមផ្អែម
ច្រើនជាង៩០%នៃកាឡូរីដែលមានក្នុងផ្លែស្វាយ គឺចេញមកពីពពួកស្ករដូចជាគ្លុយកូស និងហ្វ្រុកតូស។ ដូច្នេះហើយអ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរទទួលទានផ្លែស្វាយទុំច្រើនពេកនោះទេដើម្បីជៀសវាងការឡើងជាតិស្ករក្នុងឈាមលឿនដែលបណ្ដាលឱ្យជំងឺកាន់តែអាក្រក់ទៅៗ។

៣. អ្នកដែលងាយប្រតិកម្ម

ផ្លែស្វាយមានផ្ទុកសារធាតុផ្សំពី Urushiol ដែលអាចបណ្ដាលឱ្យទៅជាឈឺក្នុងពោះហើមបបូរមាត់​និងពិបាកដកដង្ហើមជាដើមចំពោះអ្នកដែលងាយប្រតិកម្មជាមួយសារធាតុប្រភេទនេះ។ អ្នកខ្លះដែលមានប្រតិកម្មជាមួយសារធាតុក្នុងផ្លែស្វាយក៏អាចជួបប្រទះនូវអាការដូចជារមាស់នៅបរិវេណមាត់ ឬឡើងប្រទាលត្រអាកជាដើម។

៤. អ្នកដែលមានជំងឺហឺត

ដូចចំណុចខាងលើ ផ្លែស្វាយមានផ្ទុកសារធាតុដែលអាចបណ្ដាលជាប្រតិកម្ម។ ហេតុនេះអ្នកដែលមានជំងឺហឺតហើយញ៉ាំផ្លែស្វាយអាចមានហានិភ័យខ្ពស់ ក្នុងការចេញរោគសញ្ញាប្រតិកម្មផ្សេងៗជាងអ្នកដែលគ្មានជំងឺនេះដែលបណ្ដាលឱ្យជំងឺនេះរើឡើងវិញ ប៉ះពាល់ទងសួតទាំងសង្ខាងបាន។

៥. អ្នកដែលមានជំងឺរាក

ស្វាយមួយផ្លែមានផ្ទុកជាតិកាកសរសៃដល់ទៅ៣ក្រាម។ ដូច្នេះ ការញ៉ាំផ្លែស្វាយច្រើននឹងទៅបង្កើនការប្រឈមនឹងជំងឺរាករូស។អ្នកដែលកំពុងតែមានជំងឺនេះ ឬបត់ជើងញឹកញាប់គួរតែជៀសវាងការទទួលទានផ្លែស្វាយព្រោះវាអាចនាំឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់ជាតិទឹកពីក្នុងខ្លួនកាន់តែច្រើននិងបង្កទៅជាអស់កម្លាំងល្ហិតល្ហៃ។

៦. អ្នកមានជំងឺឈឺក្រពះ

ផ្លែស្វាយគឺជាប្រភពនៃវីតាមីន C ដ៏លើសលប់ ដែលអាចបណ្ដាលឱ្យទៅជាភើ ច្រាលអាស៊ីតនិងបង្កើនការកន្ត្រាក់ក្រពះចំពោះមនុស្សដែលធ្លាប់មានប្រវត្តិឈឺក្រពះឬកំពុងតែឈឺជំងឺនេះ។ មនុស្សមួយក្រុមនេះគួរកំណត់បរិមាណនៃការទទួលទានផ្លែស្វាយឱ្យបានម៉ត់ចត់បន្តិចហើយមិនគួរញ៉ាំវានៅពេលពោះកំពុងឃ្លាន ឬពោះទទេរឡើយ៕