ទម្លាប់ចម្អិនម្ហូបទាំង៦យ៉ាង ដូចសម្លាប់ខ្លួនឯងដោយមិនដឹងខ្លួន

១. ចម្អិនសាច់​ឆ្អិនជ្រុល

គ្រូពេទ្យជាច្រើនតែងណែនាំឱ្យទទួលទានអាហារ ដែលចម្អិនបានឆ្អិនល្អដើម្បីធានាសុខភាព។ ប៉ុន្តែមានមនុស្សជាច្រើនដែលមិនសូវបានយកចិត្តទុកដាក់ជាមួយការចម្អិនសាច់ឱ្យបានឆ្អិនល្អ តែបែរជាបរិភោគសាច់ឆៅពាក់កណ្ដាល ឬខ្លោចជ្រុលទៅវិញ។ ការទទួលទានសាច់ដែលឆ្អិនជ្រុលពេក រហូតទៅជាខ្លោចវានឹងបង្កទៅជាសារធាតុនានាដែលបណ្ដាលឱ្យរលាក និងបង្កើនហានិភ័យនៃជំងឺមហារីកផ្សេងៗជាពិសេសសាច់ដែលប្រើសីតុណ្ហភាពខ្លាំង។

២.ចម្អិនដោយប្រើខ្លាញ់តិចពេក ឬច្រើនពេក

ការចម្អិនអាហារដោយប្រើខ្លាញ់ច្រើនពេកឬតិចពេក នឹងអាចជះឥទ្ធិពលដល់សុខភាពរបស់អ្នក។ ពពួកប្រេងចម្រាញ់ពីរុក្ខជាតិដូចជាប្រេងអូលីវ ប្រេងផ្កាខាណូឡា និងប្រេងសណ្ដែកជាដើមគឺជាប្រភពដ៏ល្អចំពោះសុខភាព ប៉ុន្តែវាក៏មានជាតិកាឡូរីខ្ពស់ខ្លាំងណាស់ដែរ។ ចូរចងចាំថាខ្លាញ់គឺជាមានសារសំខាន់ណាស់ ក្នុងការបឺតស្រូបយកវីតាមីនដែលរលាយក្នុងខ្លាញ់ប៉ុន្តែចូរកុំប្រើវាលើសកម្រិត។ ចូររក្សាតុល្យភាពនៃការប្រើប្រាស់ដើម្បីជៀសផុតពីជំងឺផ្សេងៗដូចជា  ខ្លាញ់រុំថ្លើម ខ្លាញ់រុំសរសៃឈាមជាដើម។

៣. ចម្អិនដោយប្រើប្រេងដដែលៗច្រើនដង

អ្នកជំនាញផ្នែកអាហាររូបត្ថម្ភបានចង្អុលបង្ហាញថា អ្នកមិនគួរចម្អិនអាហារដោយប្រើប្រេងដែលចម្អិនរួចម្ដងហើយនោះទេ។ មនុស្សជាច្រើនតែងប្រើប្រេងដែលប្រើហើយនោះឡើងវិញ ព្រោះគិតថាអាចចំណេញហើយវាមើលទៅនៅល្អនៅឡើយ។ ប៉ុន្តែនៅពេលចម្អិនប្រេងនឹងបញ្ចេញផ្សែងដែលនឹងបម្លែងជាជាតិពុល ហើយបាត់បង់រសរបស់វាក៏ដូចជាបាត់បង់សារធាតុចិញ្ចឹមផងដែរ។

ចំពោះអាហារដែលត្រូវចម្អិនដោយប្រើសីតុណ្ហភាពខ្លាំង អ្នកគួរប្រើប្រេងផ្លែបឺ ឬប្រេងផ្កា safflower ជំនួសវិញ។

៤.មិនយកចិត្តទុកដាក់លើថ្ងៃកំណត់នៃគ្រឿងទេសដែលប្រើប្រាស់

មានមនុស្សច្រើនណាស់ដែលនៅតែប្រើអាហារ ឬគ្រឿងទេសដែលហួសសុពលភាព២ ទៅ៣ថ្ងៃហើយនោះ ព្រោះតែស្ដាយ មិនចង់ខ្ជះខ្ជាយជាដើម។ ប៉ុន្តែទម្លាប់បែបនេះពិតជាបង្កផលប៉ះពាល់ដល់សុខភាពបាន។ អាហារដែលហួសថ្ងៃកំណត់នឹងបញ្ចេញសារធាតុគ្រោះថ្នាក់ ដូច្នេះហើយប្រសិនបើវាហួសហើយចូរបោះវាចោលទៅ មិនគួរយកមកប្រើទៀតឡើយ។

៥. ប្រើអំបិលច្រើនពេក

មនុស្សមួយចំនួនចូលចិត្តញ៉ាំអាហារប្ រៃព្រោះពួកគេជឿថាអំបិលអាចជួយឱ្យម្ហូបមានរសជាតិដិតឆ្ងាញ់។ ប៉ុន្តែការទទួលទានអាហារប្រៃច្រើនពេកនឹងបង្កគ្រោះថ្នាក់ដល់តម្រងនោម ស្បែកហើយនឹងបញ្ហាសុខភាពជាច្រើនទៀត។

៦.ធ្វើឱ្យអាហាររលាយទឹកកកដោយប្រើសីតុណ្ហភាពក្នុងបន្ទប់

​តើអ្នកដឹងទេថា ការទុកឱ្យអាហាររលាយទឹកកកដោយប្រើសីតុណ្ហភាពក្នុងបន្ទប់ (ឬនិយាយថាទុកឱ្យវារលាយខ្លួនឯងនៅក្រៅទូទឹកកក) អាចផ្ដល់ឱកាសឱ្យពពួកបាក់តេរីបង្កើតខ្លួន ដែលអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពបាន។អ្នកជំនាញផ្នែកម្ហូបអាហារជាច្រើនបានឱ្យដំបូន្មានថា អ្នកគួរដាក់អាហារឱ្យរលាយទឹកកកក្នុងម៉ាស៊ីនមៃក្រូវេវឬទុកក្នុងទូរទឹកកកដែលមិនកកចោលមួយយប់ក៏បាន។ ចំណែកវិធីម្យ៉ាងទៀតគឺការដាក់ត្រាំក្នុងទឹកដើម្បីឱ្យវារលាយទឹកកកក៏ជាវិធីដ៏ល្អមួយដែរ៕