លទ្ធផលសម័យប្រជុំរដ្ឋសភានៃនីតិកាលទី៦ ដែលបានធ្វើឡើងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានអនុម័តលើរបៀបវារៈ ដែលបានគ្រោងទុកទំាង៩។

របៀបវារៈទំាង៩មាន ៖ ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។ របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។

ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង ដែលមាន ឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងឯកឧត្តម ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង និងការបោះឆ្នោតទុកចិត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោះឆ្នោតជ្រើសតំាង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

ចំពោះការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ សម័យប្រជុំរដ្ឋសភា បានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ 

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។ 

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង៕