គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥ភាគរយហើយ

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងដំណើរនៃការចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមវត្តមានជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូចំរុះ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

សូមជម្រាបដែរថា ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារ កម្មផងដែរ។

គួរកត់សម្គាល់ថា៖ ក្រុមហ៊ុនបានដាក់ចេញគោលដៅទាំង៧លើការទទួលខុសត្រូវផ្នែកសង្គមអ្នក វិនិយោគ (Corporate Social Responsibility)ដើម្បីគ្រប់គ្រងគម្រោងគឺ៖ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ ការដ្ឋានសាងសង់ឆ្លាតវៃ ការការពារបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះធន ធានមនុស្ស។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងកសាងផ្លូវល្បឿនលឿនដោយសារសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយសេដ្ឋកិច្ចមានការរីក ចម្រើន គឺដោយសារកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ យើងមិនអាចឈរនៅទីនេះមើល ការងារសាងសង់ផ្លូវល្បឿនលឿនបានទេ ដូច្នេះកត្តាសុខសន្តិភាពជាកត្តាដ៏សំខាន់បំផុតមិនអាចកាត់ ថ្លៃបាន ហើយយើងគ្រប់រូបត្រូវរួបរួមគ្នា សាមគ្គីគ្នា ការពារសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានជាដាច់ខាត ដើម្បីកសាងប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបានស្វែងយល់ពីផ្លូវនេះ។

ឆ្លើយតបទៅកាន់សំណួររបស់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បាន ទេ និងអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស៕