រមណីយដ្ឋានធម្មជាតិទាំង៥ ដែលទាក់ទាញខ្លាំងនៅកម្ពុជាសម្រាប់បងប្អូនធ្វើទេសចរណ៍

នៅអំឡុងពេលនេះយើងសង្កេតឃើញថា មានយុវវ័យជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំង ជាមួយការធ្វើដំណើរកំសាន្តបែបផ្សងព្រេង ដូចជាដើរឡើងភ្នំផ្សងព្រេងជាក្រុម ដើម្បីបានថតរូបភាពជាមួយទេសភាពស្រស់ស្អាតជាច្រើន។ ដូច្នេះហើយយើងមានកន្លែងកំសាន្ត ៥ ទីតាំងផ្សេងគ្នាដើម្បីណែនាំដល់ អ្នកទេសចរណ៍ទាំងអស់ បានដឹង និងធ្វើការជ្រើសរើស៖

១.ខ្នងផ្សារ

យុវវ័យជាច្រើនបានស្គាល់កន្លែងនេះរួចមកហើយ ពីព្រោះតែទេសភាពលើកំពូលភ្នំ ដែលមានស្មៅពណ៌ខៀវខ្ចី កំពុងតែដុះស្រស់ត្រកាល ធ្វើឱ្យត្រជាក់ភ្នែក ត្រជាក់ចិត្តជាខ្លាំងសម្រាប់អ្នកដែលធ្វើការនៅតែក្នុងក្រុងភ្នំពេញ នៅជាមួយតែភ្លើងពណ៍មិនសូវមានពេលវេលាសម្រាកខួរក្បាល តាមរយៈការសម្សាន្តបែបផ្សងព្រេង។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្នងផ្សារជាឋានសួគ៍ក្រោមមេឃនៅកម្ពុជា និងជាចំណុចប្រសព្វមុំបីដែលផ្សារភ្ជាប់ ខេត្តកំពង់ស្ពឺ-កោះកុង-និងពោធិសាត់។ ភ្នំខ្នងផ្សារមានទីតាំងស្ថិតនៅក្នុង ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

២.ឆ្នេរតាបារាំង

ថ្វីត្បិតតែមានមនុស្សជាច្រើនបានស្គាល់ទីតាំងនេះរួចមកហើយក្ដី ក៏ប៉ុន្តែយើងនៅតែណែនាំពីកន្លែងកម្សាន្តដ៏ស្រស់ស្អាតមួយនេះសម្រាប់អ្នកទាំងអស់គ្នាមបានទៅធ្វើទេសចរណ៍ លក្ខណះជាក្រុម បែបគួរស្នេហ៍ ឬទៅជាមួយមិត្តភក្ដិកាន់តែមានភាពរីករាយ។ ឆ្នេរតាបារាំង ជាកន្លែងមួយដែលមានសម្រស់ស្រស់ស្អាតជាខ្លាំង និងមានទឹកសមុទ្រពណ៌ខៀវគួឱ្យចង់កម្សាន្ត ដើម្បីធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបំបាត់រាល់ទុក្ខកង្វល់។ ឆ្នេរតាបារាំងមានចម្ងាយត្រឹមតែ១៩០ គីឡូម៉ែត្រពីភ្នំពេញ គឺមានទីតាំងស្ថិតនៅ ភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៣.ឆ្នេរនេសាទ

ជាទីតាំងទើបតែទទួលបានការចាប់អារម្មណ៍ថ្មីមួយ ដែលមិនសូវមានអ្នកទៅច្រើនប៉ុន្មានទេ ដូច្នេះហើយទើបធ្វើឱ្យកន្លែងទេសចរណ៍មួយនេះ មានទេសភាពស្រស់ស្អាត បរិស្ថានក៏ល្អ មានខ្យល់អាកាសបរិសុទ្ធិ គ្មានសម្រាម ធ្វើឱ្យឆ្នេរមានសភាពសក្បុស ជាពិសេសឆ្នេរវែង ធ្វើឱ្យមានកន្លែងកម្សាន្តបានធំទូលាយ ចំណែកឯទឹកសមុទ្រទៀតសោដ ក៏ខៀវស្រងាត់។ ម្យ៉ាងទៀត នៅក្នុងទឹកមានផ្កាថ្ម និងរុក្ខជាតិប្លែកៗស្អាតជាច្រើន សម្រាប់ជាចំណីចក្ខុអ្នកទៅទស្សនាបានបន្ធូរអារម្មណ៍តានតឹងទៅតាមសម្លេងទឹករលក។ នៅតាមឆ្នេរក៏មានដើមដូងសម្រាប់ធ្វើជាម្លប់ឱ្យអ្នកចូលកម្សាន្តទាំងអស់ បានរកទីតាំងដាក់សម្ភារៈ និងកន្លែងសម្រាប់ទទួលទានអាហារបានជាប់ជាមួយមាត់ឆ្នេរ ដោយគ្មានគិតថវិកាឡើយ។ មានទីតាំងស្ថិតនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ១៧០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

៤.រមណីយដ្ឋានសេកសក

ជារមណីយដ្ឋានដែលគេនិយមខ្លាំងតាំងពីសម័យមុនសង្រ្គាមមកម្លេះ។ អ្វីដែលពិសេសគឹភ្ញៀវទេសចរណ៍អាចកម្សាន្តជាមួយទឹកដ៏ថ្លាឈ្វែង ហើយនៅមានកន្លែងថតរូបស្អាតៗជាច្រើនទៀត ជាមួយបងប្អូនជនជាតិដើមភាគតិច​។ មិនត្រឹមតែប៉ុណ្ណោះទេ នៅមានកន្លែងអង្គុយលេងដ៏ត្រជាក់ចិត្ត និងមានសត្វដែលគេធ្វើឡើងដើម្បីឱ្យភ្ញៀវទេសចរណ៍ជិះលេងកម្សាន្តសប្បាយទៀតផង។ រមណីយដ្ឋានសេកសកមានទីតាំងស្ថិតនៅ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

៥.ជីផាត់

តំបន់អេកូទេសចរណ៍ជីផាត់ ជាតំបន់ធម្មជាតិ ដែលមានទាំងព្រែក ទឹកធ្លាក់ ព្រៃភ្នំ សាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរព្រៃ មើលធម្មជាតិ កម្សាន្តអារម្មណ៍តាមបែបស្រុកស្រែ និងមានទាំងកន្លែងហែលទឹក បោះតង់ជាដើម។ ក្រៅពីនេះទៀតជីផាត់ ក៏ជាជម្រកនៃដែនសត្វព្រៃជាច្រើន ដូចជាតំបន់ព្រៃលិចទឹកយ៉ាងធំមួយនៅអាស៊ីអាគ្នេយ៍។ សម្រាប់ទីតាំងតំបន់នេះគឺស្ថិតនៅក្នុង​ ស្រុកជីផាត់ ខេត្តកោះកុង។

សម្រាប់កន្លែងកម្សាន្តទាំង៥ដែលយើងបានលើកឡើងខាងលើ គឺជាតំបន់ទេសចរណ៍ដែលសាកសមបំផុតសម្រាប់ឱ្យអ្នកទាំងអស់គ្នា យកមកជ្រើសរើសក្នុងការធ្វើដំណើរកម្សាន្ត ជាមួយមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីបានទទួលអារម្មណ៍ស្រស់ស្រាយ ទៅតាមទីកន្លែងដែលធម្មជាតិបានបង្កើតឡើង ឱ្យមនុស្សឆ្នៃមកជាកន្លែងទេសចរណ៍ដ៏មានភាពទាក់ទាញ៕