ពាក់ព័ន្ធនឹងការកើនឡើង នៃទំហំពាណិជ្ជកម្ម របស់កម្ពុជានេះ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាបាននាំចេញទៅប្រទេសមួយចំនួន ដូចជា សហគមអឺរ៉ុប, សហរដ្ឋអាមេរិក, កាណាដា, ជប៉ុន និងបណ្ដាប្រទេសផ្សេងៗទៀត ហើយវិស័យដែលនាំចេញ បានច្រើនជាងគេរួមមានសម្លៀកបំពាក់ និងអង្ករជាដើម។
លោកបានបញ្ជាក់ទៀតថា កត្តាដែលនាំឲ្យទំហំពាណិជ្ជកម្ម ក្នុងឆ្នាំនេះមានការកើនឡើង បណ្ដាលមកពីស្ថិរភាពរបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ មានវិនិយោគិនបរទេសជាច្រើន បានមកវិនិយោគនៅកម្ពុជា។ មួយវិញទៀតការផលិត របស់កម្ពុជាមានសន្ទុះ បូករួមនឹងគុណភាពល្អប្រសើរ ទើបធ្វើឲ្យការនាំចេញស្ទុះងើបឡើង។
លោក ប៉ាន សូស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញ សម្លៀកបំពាក់បានចំនួន៤,១៤៣លានដុល្លារ កើនឡើង១១ភាគរយ ចំណែកឯផលិតផលកសិកម្មមានចំនួន២៧២លានដុល្លារ កើន៨ភាគរយ ខណៈការនាំចេញផ្សេងៗមានចំនួន១,៣៧៩លានដុល្លារ កើន១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
សូមជម្រាបថា កាលពីឆ្នាំ២០១៧កន្លងទៅ ការនាំចេញរបស់កម្ពុជា មានតម្លៃប្រមាណ១១.២ប៊ីលានដុល្លារ កើនឡើង ៩.២ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់១០.២ប៊ីលានដុល្លារ។ រីឯការនាំចូលមានទំហំ១៥.៥ពាន់លានដុល្លារ គឺបានកើន៩.៨ភាគរយ ធៀបនឹង១៤.១ពាន់លានដុល្លារ។
ទន្ទឹមនេះ ផលិតផលនាំចេញសំខាន់ៗ របស់កម្ពុជារួមមាន៖ វាយនភ័ណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូប, គ្រឿងបង្គុំអេឡិចត្រូនិក, ទោចក្រយានយន្ត, ផលនេសាទ, ជ័រកៅស៊ូ, ឈើកែច្នៃ, អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី ពោតក្រហម, សណ្តែកសៀង, ម្រេច, ផ្លែស្វាយស្រស់, ដូងប្រេង និងទំនិញកសិកម្មដទៃទៀត។ ចំណែកទីផ្សារធំៗរបស់កម្ពុជារួមមាន៖ សហគមន៍អឺរ៉ុប, អាម៉េរិក, កាណាដា, ជប៉ុន, ចិន និងអាស៊ានជាដើម៕