ស្នេហា គឺជាផ្នែកមួយដែលមនុស្សទូទៅតែងតែត្រូវការនៅក្នុងជីវិតជាពិសេសចំពោះយុវវ័យតែម្តង។ វាកើតឡើងនៅពេលដែលមនុស្សពីរនាក់មានចិត្តស្រឡាញ់មកលើគ្នា និងមានឈ្មោះថាជាសង្សារ ឬមួយក៏ឈានដល់ការសាងអនាគតរួមគ្នាជាគូស្វាមី និងភរិយា។ មនុស្សភាគច្រើនគឺសុទ្ធសឹងតែធ្លាប់មានបទពិសោធ និងឆ្លងកាត់ការមានស្នេហាហើយមានចំនួនតិចតួចណាស់ដែលមិនសូវគិត និងយកចិត្តទុកដាក់ទៅលើរឿងមួយនេះ។
យ៉ាងណាមិញប្រសិនបើសង្កេតឱ្យកាន់តែស៊ីជម្រៅ យើងឃើញថាក្នុងនោះដែរក៏មានបុរសមួយចំនួនបានសម្រេចចិត្តជ្រើសរើសយកភាពនៅលីវ ជាជាងការមានស្នេហា។ ផ្ទុយទៅវិញពួកគេបែរជា មិនសូវចាប់អារម្មណ៍និងមិនចំណាយពេលវេលា ទៅលើរឿងនេះថែមទៀតផង។ លោកអ្នកប្រាកដជាចង់ដឹងហើយថាតើមានហេតុផលអ្វីខ្លះដែលធ្វើឱ្យបុរសៗមួយចំនួន សម្រេចចិត្តនៅម្នាក់ឯង ជាជាងការមានស្នេហាបែបនេះ?ខាងក្រោមនេះគឺជាហេតុផលធំៗទាំង ៥ ៖
១) ស្រលាញ់សេរីភាព
មនុស្សប្រុសមួយចំនួនស្រឡាញ់សេរីភាពជាជាងអ្វីៗទាំងអស់ ដោយមិនចូលចិត្តឱ្យនរណាម្នាក់មកខ្វាយខ្វល់ជាមួយខ្លួនច្រើនឬមួយក៏ត្រូវមានសង្សារដែលមកបំបិទសិទ្ធសេរីភាពររបស់ខ្លួន ស្ទើរតែគ្រប់ពេលវេលានោះឡើយ។ ដូច្នេះហើយបានជាពួកគេជាសម្រេចចិត្តមិនមានស្នេហា ពីព្រោះថាការនៅម្នាក់ឯង គឺជាសេរីភាពពេញលេញរបស់ពួកគេ ដែលចង់ធ្វើអ្វីក៏បានតាមចិត្តដោយមិនមានការរារាំង ឬមួយការប្រច័ណ្ឌរករឿងពីនរណាម្នាក់ឡើយ។
២) មិនទាន់ជួបនារីដែលខ្លួនពេញចិត្ត
ជួនកាលការដែលបុរសៗមួយចំនួនសម្រេចចិត្តនៅលីវ មិនមែនមានន័យថាពួកគេមិនចង់មានស្នេហានោះទេក៏ប៉ុន្តែវាអាចដោយសារតែពួកគេមិនទាន់ជួបនារីដែលខ្លួនពេញចិត្ត ហើយសាកសមនឹងខ្លួនប៉ុណ្ណោះបើទោះបីជាខ្លួនបានព្យាយាមស្វែងរកយ៉ាងណាក៏ដោយ។ នេះគឺជាហេតុផលមួយដែលពួកគេមិនទាន់បើកចិត្តទទួលយកអ្នកណា ពោលគឺរហូតទាល់តែពួកគេបានជួបនារីដែលខ្លួនពេញចិត្ត។
៣) ចំណាយពេលវេលាទៅលើរឿងអនាគត
មនុស្សប្រុសមួយចំនួនបានផ្តោតសំខាន់ទៅលើអនាគតរបស់ពួកគេជាជាងរឿងអ្វីៗទាំងអស់ ដែលរួមទាំងរឿងស្នេហាផងដែរ។ ពួកគេចំណាយពេលវេលាច្រើនទៅលើការងារការសិក្សា ការបង្កើនប្រាក់ចំណូល និងការអភិវឌ្ឍខ្លួនជាដើម។ពួកគេយល់ថារឿងស្នេហាគឺមិនមែនជារឿងដែលត្រូវខ្វាយខ្វល់ពេកនោះទេ ពោលគឺអាចស្វែងរកនិងបង្កើតនៅពេលក្រោយបាន ។ ដោយឡែករឿងអនាគតទើបជារឿងទីមួយ ដែលត្រូវគិតមុនគេ។
៤) ធ្លាប់មានប្រវិត្តខូចចិត្ត ដោយសាររឿងស្នេហាពីមុន
មនុស្សគ្រប់គ្នាតែងតែនិយាយថា មនុស្សប្រុសគឺរឹងមាំមិនទន់ជ្រាយ និងមិនឆាប់ខូចចិត្តដោយសាររឿងអ្វីមួយងាយៗនោះឡើយ។ ការលើកឡើងបែបនេះ គឺត្រឹមត្រូវតែមួយផ្នែកប៉ុណ្ណោះពីព្រោះថាចំពោះរឿងស្នេហា មិនថាតែមនុស្សប្រុស ឬមួយក៏មនុស្សស្រីនោះទេគឺវាអាចធ្វើឱ្យឈឺចាប់ និងខ្លាចរអាបានគ្រប់ពេលបើទោះបីជាបុគ្គលនោះរឹងមាំយ៉ាងណាក៏ដោយ។ នេះគឺជាហេតុផលមួយ ដែលមនុស្សប្រុសមួយចំនួនបានសម្រេចចិត្តមិនមានស្នេហាដោយសារតែពួកគេធ្លាប់បានឆ្លងកាត់បទពិសោធមិនល្អឬមួយត្រូវបាននារីណាម្នាក់ធ្វើឱ្យឈឺចាប់ជាដើម។
៥) គិតថាខ្លួនមិនទាន់ដល់ពេលវេលាដែលសាកសមក្នុងការមានស្នេហា
បុរសមួយចំនួនសម្រេចចិត្តមិនមានស្នេហាដោយសារតែពួកគេគិតថាខ្លួនមិនទាន់ដល់ពេលវេលាសាកសមក្នុងការមាន ឬមួយក៏មិនចង់ចំណាយពេលវេលាទៅលើវា។ ពួកគេអាចគិតថាខ្លួននៅក្មេងពេក ឬមួយក៏ខ្លួនកំពុងតែស្ថិតនៅវ័យសិក្សាជាដើមដែលវាអាចនឹងធ្វើប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេ។
ជារួមមកវិញខាងលើនេះគឺជាហេតុផលធំៗទាំង៥ ដែលបុរសៗមួយចំនួនសម្រេចចិត្តជ្រើសរើសយកភាពនៅលីវ ជាជាងការមានស្នេហា។ យ៉ាងណាមិញគ្មានហេតុផលជាក់លាក់ណាមួយដែលអាចបញ្ជាក់បានថាការមានស្នេហា ឬក៏មិនមាន មួយណាល្អជាងមួយណានោះឡើយ ពោលគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗឬគូស្នេហ៍ទាំងសងខាងតែប៉ុណ្ណោះ៕