កំពង់ស្ពឺ៖ នាព្រឹកទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ ។
សូមបញ្ជាក់ជូនជ្រាបថា ទំនប់អាងទឹកចំការតែនៅលើខ្នងភ្នំគិរីរម្យដែលមានកម្រិតរក្សាទឹកអតិបរមា ៧លានម៉ែត្រគូបនេះ បានទទួលរងជំនន់ទឹកភ្លៀងហូរបាក់ដាច់ត្រង់ចំណុចសំណង់ខ្នងទំនប់ចាស់ ដែលបន្សល់ទុកតាំងពីសម័យសង្គម ដោយសារតែរងឥទ្ធិពលព្យុះបានកើតមានបន្តបន្ទាប់ និងបរិមាណទឹកភ្លៀងធ្លាក់ដ៏ច្រើនលើសលប់កាលពីកំឡុងខែតុលា ឆ្នាំ២០២០។ ក្នុងកំឡុងពេលនៃការដាច់កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអន្តរាគមន៍ជួសជុលជាបន្ទាន់ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ផងដែរ។
នៅរដូវប្រាំងដើមឆ្នាំ២០២១នេះ ក្រសួងបានធ្វើការជួសជុលកែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមានទំហំការងារ ៖
- ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ ម៉ែត្រ
- សាងសង់សំណង់ស្នូលបេតុង ០១កន្លែង
- សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង
- ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង
- ជួសជុលសំណង់បង្ហៀរ ០១កន្លែង។
ក្នុងដំណើរបេសកកម្មចុះពិនិត្យការងារនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសក្រសួងដែលបានខិតខំបំពេញកិច្ចការងារទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ,ផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងតំបន់ ៕