រាជធានីភ្នំពេញ៖ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា វីរុសកូរ៉ូណាបម្លែងថ្មីប្រភេទ B.1.617 ត្រូវបានរកឃើញលើស្ត្រី ២នាក់ និងបុរស ១នាក់ ដែលជាពលករទើបវិលត្រឡប់មកពីប្រទេសថៃនាពេលថ្មីៗនេះ។ ក្រសួងសុខភិបាលបញ្ជាក់បែបនេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តសំណាកលើមនុស្សទាំង ៣នាក់នេះ ចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញក្ដីបារម្ភរបស់ខ្លួន និងជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលនៃវីរុសបម្លែងថ្មី បន្ទាប់ពីបានរកឃើញវីរុសប្រភេទថ្មីនេះនៅថ្ងៃនេះ។
ក្រសួងសុខាភិបាលបានឱ្យដឹងបន្ថែមថា ស្ត្រីវ័យ ២៧ឆ្នាំ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តឧត្ដរមានជ័យ ហើយស្ត្រីម្នាក់ទៀតអាយុ ៤៣ឆ្នាំ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ក្នុងខេត្តបាត់ដំបង ខណៈដែលបុរសអាយុ ៤៦ឆ្នាំវិញ កំពុងស្ថិតក្រោមការព្យាបាលនៅឯមន្ទីរពេទ្យឯកភ្នំ ក្នុងខេត្តបាត់ដំបងផងដែរ។
ពិភពលោកកំពុងតែព្រួយបារម្ភចំពោះការឆ្លងរីករាលដាលនៃវីរុសបម្លែងថ្មីនេះ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន៧ហើយនៅតំបន់អាស៊ីអាគ្នេយ៍ មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។ ក្រសួងអះអាងថា បានណែនាំទៅមន្ទីរសុខាភិបាលខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសបម្លែងថ្មីនេះ៕