រដ្ឋកំពុងសិក្សាលម្អិតពីការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត

ភ្នំពេញ៖ ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយដែលនឹងរួមចំណែកដល់ការធានាបាននូវនិរន្តរ ភាពនៃការវិនិយោគលើវិស័យនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម កឹម បូរី ។

ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំបូកសរុបស្តីពីបេសកកម្មគាំទ្រដល់ការងារអនុវត្តគម្រោង លើកទី៤នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានសម្បទានរបស់ ធនាគារពិភពលោក ដោយមានការអញ្ជើញពីថ្នាក់ដឹកនាំ និងមន្រ្តីគម្រោងក្រសួងសាធារណការ និងដឹកជញ្ជូន និង ថ្នាក់ដឹកនាំ និង មន្រ្តីគម្រោងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងធនាគារពិភពលោក និង ភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សាលទ្ធផលពាក់ព័ន្ធទៅនឹងការងារបច្ចេកទេស កិច្ចលទ្ធកម្ម កិច្ចការហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាននិងសង្គម ដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងជំរុញការអនុវត្តនូវសកម្មភាពការងារនៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅតាមផែនការដែលគ្រោងទុក ដូចដែលក្រុមការងារគម្រោងបានពិភាក្សាគ្នាយ៉ាងលម្អិត ក្នុងអំឡុងបេសកកម្មគាំទ្រការងារអនុវត្តគម្រោងលើកទី៤ ពីថ្ងៃទី១៧ ដល់ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះ។

អង្គប្រជុំ ក៏បានពិភាក្សាគិតគូរអំពីយុទ្ធសាស្ត្រ និងយន្តការក្នុងការស្រង់ថ្លៃដើម ការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូនិងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងគោលបំណងដើម្បីធានា ទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ និង/ឬ ប្រតិបត្តិការនិងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយសមធម៌ និរន្តរភាព ជាពិសេសក្នុងគោលបំណងចូលរួមថែរក្សាអនាម័យ សុខភាពសាធារណៈ ព្រមទាំងលើកកំពស់សោភ័ណភាព និង កែលម្អបរិស្ថានធម្មជាតិ៕