លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​:​មិន​ទាន់​បញ្ចប់​​ទេ ព្រោះ​យើង​នៅ​តែ​រក​ឃើញ​តួលេខ​អ្នក​ឆ្លងខ្ពស់

ភ្នំពេញ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភ​: គឺ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ពីព្រោះ​យើង​នៅ​តែ​បន្ត​រក​ឃើញ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជា​រៀងរាល់ថ្ងៃ​នៅ​តែ​ច្រើន ហើយ​ក្នុង​ចំនួន​នេះ​យើង​ក៏​មិន​បានដឹង​ថា ប្រជាពលរដ្ឋ​ណាខ្លះ​បាន​ធ្វើ​ដំណើរ​ចល័ត​ទៅ​ទីកន្លែង​ណាខ្លះ​ទៀត ។

លោក​ជំទាវ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដល់​បណ្តា​ខេត្ត​រួច​ទៅ​ហើយ​ចំពោះ​តួលេខ​វា​ជា​រឿង​មួយ សំខាន់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ទៀត​ថា យើង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដល់​សហគមន៍​ធំធេង ហើយ​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍​សហគមន៍​នេះ​បាន ឬ​មិន​បាន សំខាន់​បំផុត​វា​អាស្រ័យ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋពីព្រោះប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​គិតគូរ​ណាស់​ចំពោះ​រឿង​នេះ​ដោយ​ដាក់​បទបញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ជា​ប្រតិបត្តិ​ករ​ចុះ​អនុវត្ត ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ កុំ​ឲ្យ​មានការ​រាតត្បាត​ដល់​សហគមន៍​ធំធេង ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា បើសិន​បុគ្គល​គ្រប់​រូប​មិន​បាន​អនុវត្ត​វិធានការ​សុខាភិបាល​ពេញលេញ​ទេ​នោះ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត នៅ​តែ​មាន ៕