សង្គមកាន់តែទំនើប ហើយមាននូវបច្ចេកវិទ្យាថ្មីៗជាប្រចាំថ្ងៃ ជាហេតុធ្វើឲ្យមនុស្សភាគច្រើនត្រូវចំណាយពេលវេលារបស់ខ្លួនជាមួយបណ្តេញសង្គមនិងកម្មវិធីតាមរយៈទូរស័ព្ទគ្រប់ពេល។ ដោយទាំងអស់នេះក៏ជាហេតុធ្វើឲ្យមនុស្សភាគច្រើន ពិបាកគ្រប់គ្រងអារម្មណ៍និងពិបាកគ្រប់គ្រងពេលវេលាផងដែរ។ ដូច្នេះខាងក្រោមគឺជាវីធីសាស្រ្ត ១០យ៉ាងក្នុងការផ្ចង់អារម្មណ៍ឲ្យបានល្អ។
១.ពេលវេលាដែលសកម្ម៖ មនុស្សមានរសនិយមខុសៗគ្នា មនុស្សខ្លះចូលចិត្តធ្វើការពេលព្រឹក រីឯអ្នកខ្លះទៀត ចូលចិត្តធ្វើការពេលយប់។ដូច្នេះអ្នកត្រូវសួរខ្លួនឯងថា តើអ្នកជាមនុស្សដែលសកម្ម នៅពេលព្រឹក ឬពេលយប់? បើសកម្មនៅពេលណាមួយអ្នកអាចធ្វើការដែលសំខាន់ និងគិតច្រើននៅ ពេលអ្នកសកម្មនោះ។
២.ផ្ចង់អារម្មណ៍៖ មានហេតុតែងតែមានផល។ ពេលខ្លះអ្នកអាចនឹងពិបាកគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ក្នុងការសម្រេចកិច្ចការងារផ្សេងៗ។ ដូច្នេះអ្នកត្រូវរៀនសាកសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកមិន មានការផ្តោតអារម្មណ៍ក្នុងខ្លួន? បន្ទាប់មករកវិធីដោះស្រាយតាមមូលហេតុនីមួយៗ។
៣.បិទការរំខាន៖ មានច្រើនដងណាស់នៅពេលដែលអ្នកពិបាកធ្វើការផ្ចង់អារម្មណ៍ ដើម្បីបញ្ចប់ភារកិច្ចឲ្យបានល្អ ក៏ព្រោះតែអ្នកមានការរំខានផ្សេងៗ ពីកម្មវិធីក្នុងទូរស័ព្ទដូចជាការសម្លេងទូរស័ព្ទរោទិ៍ សម្លេងឆាក និងការផ្ញើរសារពីទូរស័ព្ទជាដើម។
៤.រៀបចំបរិយាកាសជុំវិញ៖ បរិយាកាសជុំវិញខ្លួនក៏ជាកត្តាដែលសំខាន់បំផុតសម្រាប់អ្នកធ្វើការ និងរៀនសូត្រអ្វីដែលថ្មីផងដែរ។ដូច្នេះប្រសិនបើកន្លែងដែលអ្នកធ្វើការ និងរៀនសូត្រមានក្លិនមិនល្អ មិនស្អាតព្រមទាំងគ្មានសណ្ឋានធ្នាប់វានឹងធ្វើឲ្យអ្នកពិបាកផ្ចង់អារម្មណ៍ខ្លាំង ក្នុងការបញ្ចប់កិច្ចការងារណាមួយ។ ហេតុនេះអ្នកគួរតែរក្សាទម្លាប់ សម្អាតរបស់របរក្នុងផ្ទះកន្លែងការងារផ្សេងៗឲ្យបានស្អាត និងមានរបៀបរៀបរយ។
៥.កន្លែងការងារ៖ ក្រៅពីបរិយាកាសជុំវិញខ្លួនមានលក្ខណៈល្អស្អាតនិងមានរបៀបរៀបរយ អ្នកក៏ត្រូវការកន្លែងធ្វើការដែលអ្នកលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យអ្នកគ្រប់ពេល ក៏ដូចជាអាចធ្វើឲ្យអ្នកមានគំនិតច្នៃប្រឌិតនិងភាពសប្បាយចិត្តរីករាយជាប្រចាំថ្ងៃផងដែរ។
៦.សម្រេចកិច្ចការម្ដងមួយ៖ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់អ្នកគឺ អ្នកដាច់ខាតត្រូវធ្វើការងារមួយឲ្យច្បាស់លាស់ ក្នុងពេលណាមួយដោយកុំធ្វើការងារច្រើនក្នុងពេលតែមួយ។
៧.លំហាត់ខួរក្បាល៖ អ្នកគីប្បរៀនចេះហ្វឹកហាត់ខួរក្បាលរបស់ខ្លួន ឲ្យមានគំនិតច្នៃប្រឌិតនិងធ្វើការប្រកប ទៅដោយប្រសិទ្ធិភាព តាមរយៈការលេងគូប លេងអុក និងអានសៀវភៅជាដើម។
៨.រក្សាសុខភាព៖ ផ្នែកខាងក្រៅជារឿងសំខាន់ ប៉ុន្តែសុខភាពផ្នែកខាងក្នុង ក៏ជារឿងដែលចាំបាច់ដែលអ្នកត្រូវធ្វើផងដែរ។ ដោយទាំងអស់នោះ គឺអ្នកត្រូវមានទម្លាប់ទទួលទានអាហារតាមរបប អាហារទាំង ៦ប្រភេទជាពិសេសអាហារដែលជំនួយខួរក្បាល។
៩.មានអំណត់៖ ពេលខ្លះ ការងាររបស់អ្នកត្រូវទាមទាញឲ្យអ្នកចំណាយពេលវេលាធ្វើវា ឲ្យបានជោគជ័យក្នុងរយៈពេលច្រើនថ្ងៃ។ដូច្នេះសូមអ្នកត្រូវរៀនចេះមើលទៅលើដំណើរការនៃការងារផង មិនមែនមើលតែលើ គោលដៅនោះទេ។
១០.ទទួលយកការពិត៖ ប្រាកដណាស់ថាមនុស្សម្នាក់ៗតែងតែមានអតីតកាល។ ដូច្នេះ ចូរអ្នកត្រូវរៀនរស់នៅក្នុង ពេលបច្ចុប្បន្នកុំរស់នៅក្នុងអតីតកាល ដោយកុំគិតច្រើនពេកពីរឿងអតីតកាល បើអ្នកមិនអ្នកមិនអាចកែវាបាននោះទេ។
សរុបមកវិញ បច្ចុប្បន្នមានរឿងរ៉ាវជាច្រើនណាស់ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អនិង ពិបាកផ្តោតអារម្មណ៍ ក្នុងការសម្រេចកិច្ចការងារណាមួយឲ្យទាន់ពេលវេលា។ ដូច្នេះអត្ថបទខាងលើ នឹងជាគន្លឹះខ្លីៗក្នុងការជួយឲ្យអ្នកងាយស្រួលក្នុងការផ្ទង់អារម្មណ៍បានយ៉ាងត្រឹមត្រូវគ្រប់ពេលលំបាក៕