តើជនបរទេស អាចសុំចូលសញ្ជាតិខ្មែរ បានដោយរបៀបណាខ្លះ

ច្បាប់សញ្ជាតិថ្មី ត្រូវបាន​ព្រះមហាក្សត្រចេញ​ព្រះរាជក្រម​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២0១៨ ដើម្បី​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ។

យោងតាមច្បាប់សញ្ជាតិថ្មីនេះ​ បានកំណត់ច្បាស់សម្រាប់ជនបរទេស ដែលមានបំណងចង់សុំសញ្ជាតិខ្មែរ តាមករណីខាងក្រោមជាសង្ខេប៖

I. ដោយការស្មុំកូនពេញលេញ

មាត្រា១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថាកូនជនបរទេស ដែលត្រូវបានសុំជាកូនស្មុំពេញលេញ ដោយសហព័ទ្ធពលរដ្ឋខ្មែរត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញ ត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន។ 

II. ដោយអាពាហ៍ពិពាហ៍

មាត្រា១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា​ ស្រ្តីឬបុរសដែលយកប្តីឬប្រពន្ធពលរដ្ឋខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្រ្តីឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍​និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងមាត្រានេះ កូនជាអនីតិជន ដែលមានជនបរទេសជាម្ដាយឬឪពុក ច្បាប់បានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារ។

មាត្រា១២ នៃច្បាប់សញ្ជាតិថ្មី ក៏មានចែងថា ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ(២) ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ (៣)មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍(៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ (៥)មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។

បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។​

III. សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)

ក្នុងការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតូបនីយកម្ម ​សម្រាប់វិនិយោគិនអាចបែងចែកជា៤គឺ ​ជនបរទេស​ទូទៅ​, ជនបរទេស​ជា​អ្នកជំនួញ​, ជនបរទេសដែល​ផ្តល់​ថវិកាដើម្បី​អភិវឌ្ឍ​វិស័យ​ណាមួយ​នៅ​កម្ពុជា និង​ជនបរទេស ដែលមាន​ស្នាដៃ​ពិសេសសម្រាប់​កម្ពុជា​។  

​ជនបរទេស​ទូទៅ 


តាមរយៈ​សញ្ជាតូបនីយកម្ម មាត្រា​១៩ នៃ​ច្បាប់​ថ្មីទាមទារ​ឲ្យ​ជនបរទេស ត្រូវ​មានគុណ​ស​ម្ប​តិ្ត​ចំនួន​៥ គឺ (១) បានរស់នៅ​ជាប់​ រយៈពេល​៧​ឆ្នាំក្នុងប្រទេស​កម្ពុជា​ (២) មាន​សីលធម៌​ (៣) មិនដែល​មានទោស​ (៤) ចេះ​និយាយ ចេះអក្សរនិង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ទទួលយកបាន​ចំពោះ​ប្រពៃណី​ខ្មែរ​ និង(៥) មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។ 

​ជនបរទេស​ជាវិនិយោគគិន

​មាត្រា​២១ នៃ​ច្បាប់​ថ្មី ចែងថា ជនបរទេស​ណា ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​វិនិយោគហើយ​បាន​ចំណាយ​ទុន ក្នុងការ​អនុវត្ត​គម្រោង​ជាក់ស្តែង ​ក្នុងប្រទេស​កម្ពុជាជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។

​លក្ខខណ្ឌ​៦​យ៉ាង​ ដែល​ជនបរទេស​ជា​អ្នកវិនិយោគ ជារួមគឺត្រូវបំពេញ (១)បាន​ស្នាក់នៅ​ពេញលេញ​រយៈពេល​១​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​ (២) មាន​សីលធម៌​ (៣)មិនដែល​មានទោស​ (៤) មាន​បណ្ណ​ស្នាក់នៅ និង​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ (៥)ចេះ​និយាយ ចេះអក្សរ និង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរហើយ​ទទួលយកបាន​ចំពោះ​ប្រពៃ​ណៃ​ខ្មែរ​ និង (៦) មាន​បញ្ញា និង​កាយសម្បទា​ល្អ​។  ចំនួន​ទឹកប្រាក់សម្រាប់​ការវិនិយោគ ត្រូវ​កំណត់ដោយ​រដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យ​។ 
 

​ជនបរទេស ដែល​បរិច្ចាគ​ថវិកា 

​មាត្រា​២២ នៃ​ច្បាប់​សញ្ជាតិថ្មី បាន​ចែងថា ជនបរទេស​ណាដែល​ផ្តល់​ថវិកា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ឬ​វិស័យ​មនុស្សធម៌​នៅ​កម្ពុជាជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរបាន​។
 

​លក្ខខណ្ឌ​៥​យ៉ាង សម្រាប់​ជនបរទេសដែល​បានផ្តល់​ថវិកា​ដល់​ប្រទេស​កម្ពុជា ជារួមត្រូវបំពេញ គឺ (១)បាន​ស្នាក់នៅ​ពេញលេញ​រយៈពេល​៦​ខែ ក្នុងប្រទេស​កម្ពុជា​ (២) មាន​សីលធម៌​ (៣)មិនដែល​មានទោស​ (៤) បណ្ណ​ស្នាក់នៅ​និង​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ និង (៥)មាន​បញ្ញា និង​កាយសម្បទា​ល្អ​។ ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​បរិច្ចាគគឺ​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។  

​៤. ជនបរទេស ដែលមាន​ស្នាដៃ​

មាត្រា​២៣ នៃ​ច្បាប់​ថ្មី បាន​ចែងថា ជនបរទេស​ណាដែល​បានបង្ហាញ​ភស្តុតាង ពី​គុណសម្បត្តិ​ពិសេស​ឬ​ថ្វីដៃ​អ្វីមួយ​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជាហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ជនបរទេស​នោះអាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ 

លក្ខ​ខ​ណ្ខ​មាន​៣​យ៉ាង​ សម្រាប់​បរទេស​ប្រភេទ​នេះ គឺ (១)មាន​សីលធម៌​ (២) មិនដែល​មានទោស​ និង​(៣) មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។ 

បែបបទ​និង​នីតិវិធី​នៃ​ការសុំ​សញ្ជាតិ​ខ្មែរគឺ​សុទ្ធតែ​កំណត់ដោយ​អនុក្រឹត្យ​ ហើយ​ការផ្តល់​សញ្ជាតិ​ខ្មែរ ​ដល់​ជនបរទេសគឺ​ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ មានន័យថា ត្រូវ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​។ ​ដំណាក់កាល​ចុងក្រោយជនបរទេស​នោះ ត្រូវតែ​ចូលទៅ​ស្បថ​ក្នុង​តុលាការ​កំពូល​៕