កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺទុកពេលឲ្យ១អាទិត្យដើម្បី ឲ្យក្រុមហ៊ុនស្រាបៀទាំងអស់ ចុះមករុះរើស្លាកផ្សព្វផ្សាយស្រាបៀ ជាបន្ទាន់។
ក្នុងលិខិតនៃសេចក្ដីជូនដំណឹង ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ខ្លឹមសារថា៖ ដើម្បីមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេស លើកកម្ពស់សេចក្ដីថ្លៃថ្នូ និងរក្សាបានសោភ័ណ្ឌភាព ក្នុងភូមិសាស្រ្ដកំពង់ស្ពឺ រដ្ឋបាលខេត្តស្នើសុំឲ្យ ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅមុខហាងឬជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញ ជាបន្ទាន់ ដោយទុករយៈពេល ១អាទិត្យ ដែលគិតចាប់ពីថ្ងៃ ២៤ឧសភានេះ។
សូមជម្រាបដែរថា ក្នងកិច្ចប្រជុំកាលពីសប្ដាហ៍មុន ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងជាបទបញ្ជានេះ និងទទួលបានការគាំទ្រពីមហាជនជាខ្លាំង ដោយប្រជាពលរដ្ឋនៅតាមស្រុកខ្លះ ក៏បានរុះរើសដោយខ្លួនឯងផងដែរ។ វិធានការនេះ បានក្លាយជាខេត្តនាំមុខក្នុងការរុះរើសស្លាកផ្សព្វផ្សាយស្រាបៀ៕