មិនមានតំបន់ក្រហមទៀតនោះទេ ក្នុងរាជធានីភ្នំពេញ ខណៈតំបន់លឿងទុំកាន់តែរួមតូច

រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចថ្មីមួយទៀត ដោយធ្វើការកំណត់ផែនទីសម្រាប់តំបន់លឿងទុំនិងលឿង ចាប់ពីថ្ងៃទី ២០ឧសភា តទៅ ខណៈតំបន់ក្រហម គឺមិនមានទៀតនោះទេក្នុងផែនទីថ្មីនេះ។

ការចេញសេចក្ដីសម្រេចនេះ បានកំណត់ពីវិធានការរដ្ឋបាល សម្រាប់តំបន់លឿង ដោយត្រូវបានប្រើរហូតដល់ថ្ងៃ ២មិថុនា ២០២១។ និងតំបន់លឿងទុំ ត្រូវប្រើរហូតដល់ថ្ងៃ ២៦ឧសភា ខាងមុខនេះ។

សម្រាប់«តំបន់លឿងទុំ»ត្រូវបានរួមកាន់តែតូច ក្នុងនោះមាន៖

  • ផ្នែកខ្លះ នៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយជឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
  • ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
  • ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
  • ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
  • ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខួរនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សូមជម្រាបជូនដែរថា ចំនួនអ្នកឆ្លងក្នុងរាជធានីភ្នំពេញបានបង្ហាញពីសញ្ញានៃការថយចុះ នៃការសាយភាយពីតំបន់មួយទៅតំបន់មួយ តែនៅមានចំនួនប្រចាំថ្ងៃច្រើនជាង១០០នាក់នៅឡើយ តាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩១នាក់៕