ការឆ្លងក្នុងរាជធានីភ្នំពេញបន្តថយចុះ តំបន់ក្រហមនឹងត្រូវបង្រួមកាន់តែតូចជាងមុន

រាជធានីភ្នំពេញ៖ ចំនួនអ្នកឆ្លងប្រចាំថ្ងៃ ក្នុងរាជធានីភ្នំពេញថ្ងៃនេះ បានបន្តថយចុះនៅត្រឹម ១៣០នាក់ ដែលជាតួលេខទាបប្រចាំខែឧសភានេះ។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានប្រជុំបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន។

នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈអនឡាញ  បានពិនិត្យពិភាក្សា និងកំណត់ទីតាំងច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមឲ្យនៅតូច នៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១១ខាងមុខនេះ ដើម្បីផ្តាច់ ប្ញសគល់ជំងឺកូវីដ-១៩។

"ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួលខុសត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាងការនាំជំងឺកូវីដ-១៩ ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុង មូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។"

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់៖ ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋ និងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ៕