បុណ្យអុំទុកឆ្នាំនេះ ភ្ញៀវជាតិទៅលេងខេត្តព្រះសីហនុ ថយចុះជាង៣០ភាគរយ ឯភ្ញៀវអន្តរជាតិកើនឡើងជិត២០ភាគរយ

រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវជាតិទៅកម្សាន្ត ខេត្តព្រះសីហនុ ថយចុះ៣២,០៧% និងភ្ញៀវជាតិទៅលេងតាមបណ្ដាកោះថយចុះ៨៧,៨៩% ឯភ្ញៀវអន្តរជាតិមានការកើនឡើងខ្លាំង។

រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក ខេត្តព្រះសីហនុ មានការថយចុះភ្ញៀវទេសចរជាតិយ៉ាងខ្លាំងក្នុងនោះក៏មានការកើនឡើង ភ្ញៀវទេសចរណ៍អន្តរជាតិ យ៉ាងច្រើនផងដែរ។

បើយោងតាមលោកវ៉េង ស៊ីសុវង្ស ដែលជាអនុប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងពិធីបុណ្យនេះខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរណ៍សរុបប្រមាណ ៦៣.០០០ម៉ឺននាក់ ថយចុះ២៥,៨៨% ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ៥០.២៣០នាក់ ថយចុះ៣២,០៧% ភ្ញៀវអន្តរជាតិមានចំនួន ១២.៧៧០នាក់កើនឡើងប្រមាណ ១៥,៥៦%នេះ ។

លោក វ៉េងស៊ីសុវង្ស ក៏បានឲ្យដឹងទៀតថា ភ្ញៀវទៅកំសាន្តតាមបណ្តាកោះមាន ភ្ញៀវជាតិចំនួន៣.០០១នាក់ ថយចុះ៨៧,៨៩% និងភ្ញៀវអន្តរជាតិ មានចំនួន ៣.៤៨៨នាក់ កើនឡើង ២៧,៧០%។

ចំពោះតម្លៃសេវាកម្មស្នាក់នៅសណ្ឋាគារមួយចំនួនមានការកើនឡើងចន្លោះពី ២០% ទៅ ៣៥% និងផ្ទះសំណាក់មួយចំនួន មានការកើនឡើងចន្លោះពី ៣០%ទៅ ៥០% ។ ចំណែកម្ហូបអាហារគ្រឿងសមុទ្រមានការឡើងថ្លៃប្រមាណ ២០%៕