អតីត​មន្ត្រីយោធាពិការ​ម្នាក់ នឹងដុតខ្លួនឯង បើតុលាការអនុវត្តសាលដីកា លើដីរបស់គាត់

ការព្រមាន​ចាក់​សាំង​ដុត​សម្លាប់ខ្លួន​របស់​អតីត​ទាហាន​ពិការ​រូបនេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

ភ្នំពេញ​៖ នេះបើតាមប្រភពពីគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Heng Ly បានបញ្ជាក់ថា លោក​មាស សុផាត អតីត​ទាហាន​ទ័ពស្រួច​ភូមិភាគ​វរៈ​សេនា​ធំ ១២៨ នៃ​កងពល​លេខ​២ បម្រើ​ជាតិ និង​ដោយសារតែ​សង្គ្រាម​ក្នុងសម័យ ប៉ុល ពត បាន​ពលី​ជើង​ខាងឆ្វេង​មួយ​ចំហៀង​នៅក្នុង​សមរភូមិ ធ្លាក់ខ្លួន​ពិការ មាន​ជំងឺ​រាំ​រៃ និង​មាន​ជីវភាព​លំបាក បាន​ព្រមាន​យក​សាំង​ដុត​សម្លាប់ខ្លួន បើសិនជា​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​សាលដីកា​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ យក​ដី​ជាង ១​ហិកតា​របស់គាត់​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​នៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ទៅ​ឲ្យ​ឈ្មោះ លោក​កើត សារ៉េត​។

ការព្រមាន​ចាក់​សាំង​ដុត​សម្លាប់ខ្លួន​របស់​អតីត​ទាហាន​ពិការ​រូបនេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

ជាមួយគ្នានេះ អតីត​ទាហាន​ពិការ​រូបនេះ ក៏បាន​និយាយ​ទាំង​ទឹកភ្នែក​សុំ​ឲ្យ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក​ឧ​បប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដី​ដែន នគរូបនីយកម្ម និង​សំណង់ ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ឲ្យ​លោក​ផង ក្នុង​រឿង​ជម្លោះដីធ្លី​ជាមួយ​លោក​កើត សារ៉េត​។​
​លោក មាស សុផាត (​ហៅ​តា​បាក់​) អាយុ​៦០​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានមុខរ​បរជាកសិក​រ​ចិញ្ចឹម​ត្រី បាន​រៀងរាប់​ថា លោក​មាន​ជំងឺ​រាំ​រៃ​ជាប់​ខ្លួន ដូចជា​លើសឈាម ទឹកនោមផ្អែម ដាច់​សរសៃឈាម​ខួរក្បាល រស់​ដោយសារ​ថ្នាំពេទ្យ មិន​ដឹក​ថា​ស្លាប់​ថ្ងៃ​ណា​ទេ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើនណាស់​លើ​ការព្យាបាល​ជំងឺ ដូច្នេះ​មាន​ជីវភាព​លំបាក​ណាស់ ព្រោះ​លោក​ជា​ជនពិការ​។ ដោយ​លោក​បាន​បញ្ជាក់ថា មូលហេតុ​ពិការ គឺ​លោក​ជា​អតីត​ទាហាន​បម្រើ​ជាតិ ការពារ​មាតុភូមិ ការពារ​ប្រជាជន ប៉ុន្តែ​ដោយសារតែ​សង្គ្រាម​ក្នុងសម័យ ប៉ុល ពត លោក​បាន​ពលី​ជើង​ខាងឆ្វេង​១​ចំហៀង​នៅក្នុង​សមរភូមិ ធ្លាក់ខ្លួន​ពិការ មាន​ជំងឺ​រាំ​រៃ និង​មាន​ជីវភាព​លំបាក​រហូតដល់​សព្វថ្ងៃនេះ​។

លោក​បាន​រៀបរាប់ថា លោក​បានមក​រស់នៅ​លើ​ដី​នេះ កាលពី​ឆ្នាំ​១៩៩២ គិត​មកដល់ពេលនេះ​គឺ​២៦​ឆ្នាំ​ហើយ​។ ដី​ដែល​លោក​កំពុង​រស់នៅ​ទីនេះ កាលដើមឡើយ​ជា​ដី​បឹង មាន​ព្រំ​ជាប់​នឹង​ដី​លោក​កើត សារ៉េត ត្រូវ​ពូ​ជីដូនមួយ នៅក្នុង​ឆ្នាំ​១៩៩៤ លោក​បាន​សុំ​រដ្ឋ​អំ​ណាយ​ខ្ចី​ដី​បឹង​ដាំ​ឈូក ដែលមាន​លោក​ដួង សំអាន ជា​មេភូមិ ជា​អ្នក​ឱ្យមក​លោក​។ រហូតដល់​ឆ្នាំ​១៩៩៥ លោក​បាន​ខ្ចីលុយ​គេ ហើយក៏​សុំ​រដ្ឋអំណាច​យក​ដី​បឹង​ជីក​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី បាន​ចំនួន​២​ស្រះ ដើម្បីឱ្យ​ជីវភាព​បាន​ធូរធា រដ្ឋអំណាច​ក៏បាន​អនុញ្ញាត​។ រហូតដល់​ឆ្នាំ​២០០៣ ដោយ​ជីវភាព​ពិបាក​ពេក ចង់បាន​ធូរធា​ជាង​នេះ លោក​ក៏​សុំ​រដ្ឋអំណាច​ជីក​ស្រះ​បន្ថែម​២​ទៀត ដែលមាន​លោក​មេភូមិ​ដួង ចៅ ប៊ុន​ថុង និង​មេឃុំ ពេជ្រ ណុំ ជា​អ្នក​អនុញ្ញាត ដោយ​លោកតា ជា ស៊ុន ជា​អ្នក​ជីក​ឱ្យ​បណ្តាក់​ប្រាក់​ឱ្យ ២​ឆ្នាំ​ទើប​សង​រួច​។

អតីត​ទាហាន​ពិការ​រូបនេះ បាន​បញ្ជាក់ថា “​ការបោកប្រាស់​របស់​ឈ្មោះ កើត សារ៉េត មកលើ​រូបខ្ញុំ​ដែលជា​ជនពិការ គឺ​ឈ្មោះ កើត សារ៉េត បោកប្រាស់​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​ថា គាត់​ត្រូវ​ការលក់​ដី​ខាងមុខ ដូច្នេះ​ដី​ខ្ញុំ​នៅ​ខាងក្រោយ បើ​ចង់​លក់បាន​ថ្លៃ វាស់វែង​លក់​ជាមួយ​គាត់​ទៅ ខ្ញុំ​ក៏​យល់ព្រម​ព្រះ​មាន​ជីវភាព​លំបាក​ចង់បាន​ប្រាក់​ព្យាបាល​ជំងឺ ខ្ញុំ​សួរ​គាត់​លក់​បានទេ កាត់​ថា​គាត់​អត់​ទិញ​ទេ ប៉ុន្តែ​នេះ​ជាស​ម្តី​បោកប្រាស់ គឺ​គាត់​វាស់វែង​ដើម្បី​លួច​ធ្វើ​ប្លង់រឹង​យក​ដី​ខ្ញុំ ប្ត​ង់​រឹង​របស់គាត់ គ្មាន​ប្រកាស និង​គ្មាន​មេដៃ​ព្រំប្រទល់​ដោយ​ចោល​ដី​៣​ម៉ែត្រ​សងខាង ព្រោះ​អ្នក​ព្រំប្រទល់​សងខាង និង​អ្នកស្រុក​អ្នកភូមិ​គេ​ស្គាល់​តែ​ខ្ញុំបាទ មិន​ស្គាល់់​កើត សារ៉េត​ទេ ។ គាត់​អាង​អំណាច​ជា​អនុ​រដ្ឋលេខា​ធី​ការ​ក្រសួង​នគររូបនីយកម្ម​ដែនដី និង​សំណង់ លួច​ធ្វើ​ប្លង់​យក​ដី​ខ្ញុំបាទ​”​។

លោក​បាន​និយាយ​ពី​ដំណើរ​រឿងក្តី​ក្តាំង ដ៏​សែន​អ​យុ​តិ្ត​ធម៌​ចំពោះ​រូបលោក​ថា “​នៅ​ឆ្នាំ​២០១០ ពូ​ជីដូនមួយ​របស់​ខ្ញ៉ំ ឈ្មោះ​កើត សារ៉េត​មក​ដេញ​ខ្ញ៉ំ​ចេញពី​ដី ដោយ​ប្រាប់ថា​គាត់​មាន​ប្លង់រឹង ហើយ​ឯកសារ​ដែល​ខ្ញ៉ំ​បាទ​មាន​ភូមិ ឃុំ ជា​ឯកសារ​អត់​បានការ កើត សារ៉េត គាត់​ក៏បាន​និយាយទៀតថា ពងមាន់​កុំ​ចង់​ជល់​ដុំថ្ម ដី​គាត់​ខាងមុខ គាត់​មាន​សិទ្ធ​យក​ដី​ខាងក្រោយ​ដោយ​ស្វ័យប្រវត្តិ ដី​អ្នកណា​ក៏ដោយ​ក៏​គាត់​ត្រូវតែ​យក​ដែរ​។ ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ថា ខ្ញុំ​មិនអាច​ចេញ​បានទេ ព្រោះ​ខ្ញុំ​ខំតស៊ូ​ការពារ​ដី​នេះ​យ៉ាង​លំបាក​។ គាត់​ក៏បាន​ប្តឹងទៅ​សាលាដំបូង​ខេត្តកណ្តាល ហើយ​ខ្ញុំបាទ​ក៏​ប្តឹង​គាត់​វិញ​ដែរ​អំពី​ការ​លួច​ធ្វើ​ប្លង់ ប៉ុន្តែ​សាលាដំបូង​ខេត្តកណ្តាល​លើកយក​តែ​សណុំ​រឿង​របស់ កើត សារ៉េត មក​កាត់ក្តី ដោយ​សាលាដំបូង​មាន​លោក​ចៅក្រម ស៊ិន វីរៈ ជា​អ្នកកាត់ក្តី​ឱ្យ​ខ្ញុំបាទ​ចាញ់​។ ខ្ញុំបាទ​ក៏​ប្តឹង​បន្តទៅ​សាលាឧទ្ធរណ៍ មាន​លោក​ចៅក្រម ប្លង់ សំណាង ដោយ​សាលាឧទ្ធរណ៍​មាន​ភាពយុត្តិធម៌​លោក​ក៏បាន​ចុះ​អង្កេត​ផ្ទាល់​លើដី​ទំនាស់ លោក​បានសម្រេច​ក្តី​ឱ្យ​ខ្ញុំបាទ​ឈ្នះ ហើយ​បង្វិល​រឿងនេះ​ទៅ​សាលាដំបូង​វិញ ប៉ុន្តែ​កើត សារ៉េត គាត់​មិន​ព្រមទៅ​សាលាដំបូង​វិញ​ទេ គាត់​បង្វិល​សំណុំ​រឿងនេះ​ទៅ​សាលា​កំពូល​។ ដល់​កាល​នៅ​សាលា​កំពូល​បាន​បង្វិល​សំណុំរឿង​ឱ្យមក​សាលាឧទ្ធរណ៍​កាត់​ឡើងវិញ សាលាឧទ្ធរណ៍​ក៏​បង្វិល​សំណុំរឿង​ទៅ​ដំបូង​វិញ កើត សារ៉េត គាត់​មិន​ព្រម​ចុះមក​សាលាដំបូង​វិញ​ទេ គាត់​បាន​បង្វិល​សំណុំរឿង​ទៅ​សាលា​កំពូល​វិញ​ម្តងទៀត​។ ទីបំផុត​សាលា​កំពូល​ក៏​សម្រេច​សាលដីការ​ឱ្យ​ខ្ញុំបាទ​ចាញ់​យ៉ាង​អយុត្តិធម៌​បំផុត​។
​ក្នុងពេល​ដំណើររឿង​ក្តី​នេះ ខ្ញុំបាទ​ពិបាកចិត្ត​ខ្លាំងពេក ណាមួយ​ខ្លួន​ជំពាក់​លុយ​គេ​ផង ណាមួយ​ទៀត​មាន​ជំងឺ​ទឹកនោមផ្អែម​ផង និង​លើសឈាម​ផង ខ្ញុំបាទ​ក៏បាន​ធ្លាក់ខ្លួន​ដាច់​សរសៃឈាម​ខួរក្បាល​ជិត​ស្លាប់ តែ​សំណាងល្អ​បានកូនៗ​ដើរ​ខ្ចី​ចង់​ការប្រាក់​គេ យក​ចេញពី​ពេទ្យ​កាល់ម៉ែ​ត្រ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ជោរ​រៃ​វៀតណាម បាន​ត្រឹម​៣​ថ្ងៃ​ពេទ្យ​វៀតណាម​ថាឱ្យ​យក​ខ្ញុំ​ទៅផ្ទះ​ធ្វើបុណ្យ​ទៅ ដោយ​កូនៗ​មិន​អស់ចិត្ត​ក៏បាន​ប​ញ្ចូ​ន​មក​ពេទ្យ​កាល់​ម៉ែត្រ​វិញ​ម្តងទៀត ដែល​កាលនោះ​ខ្ញុំ​ដូចជា​មនុស្ស​ស្លាប់​ទៅហើយ តែដោយសារ​បុណ្យ​នៅមាន​ក៏​រស់​ដោយសារតែ​អុកស៊ីសែន​ប្រមាណ​២​ខែ​ទើប​ជា​ឡើងវិញ ត្រឡប់មក​សម្រាក​នៅផ្ទះ​វិញ វា​ជា​រឿង​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​ពី​មនុស្ស​ឈឺ​ជិត​ស្លាប់ បែរជា​រស់​ឡើងវិញ ប្រហែល​មកពី​រឿងក្តី​ខ្ញុំបាទ​អយុត្តិធម៌​ពេក​ហើយ ទើប​ទេវតា​មិនទាន់​ឱ្យ​ខ្ញុំ​ស្លាប់​”​។

​លោក មាស សុផាត អតីត​ទាហាន​ពិការ​បាន​ទទូច​សូម​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​រូបលោក​ដែលជា​ជនពិការ គ្មាន​ទីពឹង​ណា​ផ្សេង មានតែ​ដី​មួយ​ដុំ​នេះ ទុក​គ្រាន់​បាន​ប្រាក់​មើលជំងឺ​រាំ​រៃ និង​ប្រកប​របរ​កសិកម្ម​រហូត​ចាស់​ស្លាប់​៕