ទិចនិចគ្រប់គ្រងជម្លោះក្នុងរឿងស្នេហា ដែលគូស្នេហ៍ដាច់ខាតត្រូវដឹង

បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាមួយរយៈពេលមក គ្រប់គូស្នេហ៍ទាំងអស់តែងតែជួប ប្រទះនូវបញ្ហាទាស់ទែងគ្នាមិនថាទៅលើរឿងរ៉ាវតូចឬធំនោះទេ។ ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីកាត់បន្ថយជម្លោះក្នុងរឿងស្នេហារបស់អ្នក?

១. កុំលាក់អារម្មណ៍ខ្លួនឯង

ការលាក់អារម្មណ៍ខ្លួនឯង សង្កត់វាទុកក្នុងចិត្តដោយមិនដោះស្រាយ មិនយូរមិនឆាប់អ្នកនឹងផ្ទុះ កំហឹងយ៉ាងខ្លាំងក្នុងថ្ងៃណាមួយ ហើយថាមិនត្រូវអ្នកអាចធ្វើរឿងដែលអ្នកស្តាយក្រោយទៀតផង។ សាកល្បងនិយាយពីអារម្មណ៍ខ្លួនឯងប្រាប់មនុស្សដែលទុកចិត្តកុំស្តាយវានាំតែតានតឹងចិត្តអី។

២. ជៀសវាងការស្រែកគំហក

ការស្រែកគំហកជាកំហុសងាយកើតមានណាស់។ ជួនកាលអ្នកជ្រុលមាត់ និយាយសម្លេងធ្ងន់ ឬប្រើពាក្យមិនសមរម្យដាក់គាត់ហើយវាអាចបណ្តាលឲ្យម្ខាងទៀតផ្ទុះកំហឹងយ៉ាងខ្លាំង ជៀសវាង ការនិយាយបែបនេះ។មានការទាស់គ្នាជាច្រើនអាចនឹងសម្រួលបានតាមរយៈការនិយាយសម្តីសមរម្យស្រួលបួល។

៣. និយាយពីអារម្មណ៍របស់អ្នកប្រាប់គាត់

មុននឹងមានអណ្តាតភ្លើងជាជម្លោះឆេះឡើងយ៉ាងសន្ធោសន្ធៅ វាច្បាស់ជាមានសញ្ញាមួយចំនួនជាមុនសិន។ សញ្ញានោះ គឺអារម្មណ៍របស់អ្នក។ បើអ្នកចាប់ភ្លឹកថាដូចជាចាប់ផ្តើមខឹងនឹងគាត់ សាកល្បងនិយាយពីអារម្មណ៍ខ្លួនឯងប្រាប់គាត់មុននឹងកំហឹងរបស់អ្នកកាន់តែរោលរាលខ្លាំងជាងនេះ។ ជម្លោះធំអាចនឹងជៀសវាងបានបើសង្សារអ្នក ដឹងនឹងយល់ពីអារម្មណ៍របស់ដៃគូគាត់។

៤. កុំគំរាម

កុំយកស្នេហាអ្នកមកគំរាមដៃគូម្ខាងទៀតដូចជាសុំបែកឬឈប់និយាយរកជាដើម ព្រោះអីវា ធ្វើឲ្យសង្សារអ្នករន្ធត់ជាប់គាំង គិតអ្វីមិនចេញ ហើយបញ្ហារបស់រូបអ្នកទាំងពីរនៅស្ងៀមទ្រឹងមិនអាចដោះស្រាយបាន។ មិនតែប៉ុណ្ណោះការគំរាមប្រៀបបីដូចជាការធ្វើបាបផ្លូវចិត្តរបស់ដៃគូអញ្ចឹងហើយបើអ្នកធ្លាប់ប្រើវាពីមុនដល់ពេលដែលអ្នកត្រូវបោះបង់ទម្លាប់នេះចោលហើយ។

គូស្នេហ៍ណាក៏ធ្លាប់ឈ្លោះគ្នាដែរ។គូខ្លះពេលឈ្លោះគ្នា ម្នាក់ៗតម្លើងសរសៃក.ជជែកគ្នាយ៉ាងតានតឹង។ គូខ្លះទៀតពេលឈ្លោះគ្នាប្រើវិធីសង្រ្គាមត្រជាក់មិននិយាយរកគ្នា ឬគេចមុខគ្នាមួយរយៈ។ មិនថាវិធីណាដែលអ្នកធ្វើឡើយក្នុងចំណោមវិធីទាំងពីរខាងលើហើយមិនថាទោះបីអ្នកឈ្នះ ឬអ្នកចាញ់ទេ ពេលទាស់គ្នាជាមួយសង្សារអ្នកតែងតែមានអារម្មណ៍សោកសៅ និងខកចិត្ត។ តែយ៉ាងណាមិញបើអ្នក ចេះប្រើវិធីសាស្រ្តខាងក្រោមនេះការឈ្លោះគ្នាជាមួយសង្សារអាចប្រែទៅជាដំណោះស្រាយសមរម្យ និងជាឪកាសនៃការរីកលូតលាស់នៃក្តីស្រឡាញ់របស់អ្នកទាំងពីរ។

៥.កុំរំលឹករឿងដើមអាក្រក់

ការរំលឹករឿងដើមអាក្រក់ៗជាអ្វីដែលគួរឲ្យខឹង និងមិនគួរឲ្យចូលចិត្តសម្រាប់មនុស្សជាច្រើន ជាពិសេសបើរំលឹករឿងដើមពេលឈ្លោះគ្នា។ នរណាក៏ធ្លាប់ខុស នរណាក៏មានអតីតកាលដែរ ហើយក៏មានមនុស្សជាច្រើនកំពុងតែមិនចង់នឹកនាដល់រឿងអស់ទាំងនោះ។ បើអ្នកឈ្លោះគ្នាជាមួយដៃគូ គប្បីគិតលើបញ្ហាបច្ចុប្បន្នរបស់អ្នកទាំងពីរឬផ្តោតលើការគ្រប់គ្រងកំហឹងអ្នក ហើយបើអ្នកមានរឿងដទៃទៀតពីមុនៗ មិនទាន់បានដោះស្រាយចូរទុកវាសិនសម្រាប់ពេលក្រោយ។

៦.ប្រើការជជែកដោះស្រាយ ពេលអារម្មណ៍នឹងនរឡើយវិញ

ពេលអ្នកសម្គាល់ខ្លួនថាការខឹងអន់ចិត្តបានធូរស្បើយ ហើយដៃគូអ្នកក៏ដូចគ្នា ព្យាយាមរកពេលសមរម្យណាមួយដើម្បីលើកយកបញ្ហាទាស់គ្នានោះមកជជែក ដោយមានអធ្យាស្រ័យ និងការយល់​ ចិត្តខ្លាំងបំផុតក្នុងខ្លួន។ ក្នុងនោះផងដែរអ្នកត្រូវបង្កើតទម្លាប់បែបនេះ រៀងរាល់ពេលឈ្លោះគ្នាដោយ ជៀសវាងការបណ្តោយបញ្ហាឲ្យចាក់ស្រេះរកចុងរកដើមមិនឃើញ។ ម្យ៉ាងទៀតកុំធ្វើការសម្រេចចិត្តបែបណាក៏ដោយ ពេលអ្នកកំពុងខឹងព្រោះអីពេលនោះអ្នកកំពុងគ្រប់គ្រងដោយអារម្មណ៍ខឹងសម្បារ ហើយការពិចារណាពុំសូវមានឡើយ។ កុំបណ្តោយឲ្យវិប្បដិសារីធ្វើបាបអ្នកពេលក្រោយ។

សរុបរួមមកវិញ ដោយសាកល្បងប្រើវិធីខាងលើការឈ្លោះគ្នា អាចនឹងមិនក្លាយជាពេលវេលាគួរឲ្យ ខ្លាចទៀតឡើយ។ផ្ទុយទៅវិញវាអាចប្រែជាឪកាសនៃការយល់ចិត្ត និងស្វែងយល់ពីគ្នាទៅវិញទៅមក៕