អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ មានសុពលភាព៣ឆ្នាំ គិតចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ និងអាចបន្តជាថ្មីបាន។ ការដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវធ្វើនៅក្នុងរយៈពេលយ៉ាងយូរ៣០ ថ្ងៃមុនកាលបរិច្ឆេទផុតសុពលភាព។
យោងតាមមាត្រា២៣ នៃអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនិតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយប្រកាស។ ក្នុងករណីនេះ អាជ្ញាបណ្ណថ្មីត្រូវមានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការ ផ្តល់អាជ្ញាបណ្ណលើកដំបូង។
ក្នុងរយៈពេលនៃការពិនិត្យសម្រេចលើពាក្យស្នើសុំបន្តសុពលភាព អាជ្ញាបណ្ណចាស់នៅបន្តសុពលភាព រហូតដល់ថ្ងៃដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលើពាក្យស្នើសុំនោះ។
អ្នកកាន់អាជ្ញាបណ្ណពិនិត្យ និងបញ្ជាក់សំណង់ដែលផុតសុពលភាព អាចបន្តអនុវត្តកាតព្វកិច្ច នៃកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលត្រូវបានបង្កើតឡើងនៅក្នុងកំឡុងពេល ដែលអាជ្ញាបណ្ណនោះមានសុពលភាព។
មាត្រា២៤ ចែងទៀតថាអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ អាចឈប់ប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មដោយ ស្ម័គ្រចិត្តមុនកាលបរិច្ឆេទផុតសុពលភាពអាជ្ញាបណ្ណ។ ក្នុងករណីនេះ អ្នកកាន់អាជ្ញាបណ្ណត្រូវបញ្ជាក់អះអាង ជាលាយលក្ខណ៍អក្សរថា បានអនុវត្តចប់សព្វគ្រប់នូវកាតព្វកិច្ចទាំងឡាយដែលបានបង្កើតឡើងដោយកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់សំណង់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបញ្ចប់សុពលភាពអាជ្ញាបណ្ណដោយប្រកាស។
ការបញ្ចប់សុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ មិនធ្វើឱ្យអ្នកស្នើសុំរួចផុតពីការ ទទួលខុសត្រូវក្នុងការសងការខូចខាតដែលបង្កឡើងដល់អតិថិជន ឬអ្នកដទៃដោយសារវិការៈនៃការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ខ្លួនឡើយ៕