រាជធានីភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្តទៀត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងបានបន្តបែងចែកផែនទីជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចនេះ បានបង្ហាញពីតំបន់ ដែលត្រូវកំណត់ជាតំបន់ក្រហម បានរួមតូចជាងសប្ដាហ៍កន្លងទៅ ហើយតំបន់លឿងកាន់តែមានវិសាលភាពធំឡើង។
ការបន្តវិធានការរដ្ឋបាលនេះ ត្រូវបានមើលឃើញពីសន្ទុះនៃការឆ្លងរាលដាលកូវីដ១៩ក្នុងរាជធានីភ្នំពេញ មានស្ថានភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន។ ដោយឡែកតួលេខនៃការឆ្លង ក៏មានសញ្ញានៃការថយចុះជាបន្តបន្ទាប់ផងដែរ៕