អាណាព្យាបាលគួរយល់ពីគន្លឹះល្អក្នុងការអានសៀវភៅ ដើម្បីឲ្យកុមារស្តាប់

កុមារជាវ័យដែលកំពុងចាប់យកអ្វីគ្រប់យ៉ាងពីមនុស្សធំ និងប្រៀបដូចជាក្រដាសសដែលអាច​កត់ត្រានូវរឿងរ៉ាវទាំងល្អ និងមិនល្អបានយ៉ាងលឿនបំផុត។ ហេតុនេះ ដើម្បីអភិវឌ្ឍជីវិតកុមារឱ្យបានល្អ អាណាព្យាបាលគួរ​ឧស្សាហ៍អានសៀវភៅ ដែលពោរពេញដោយតម្លៃអប់រំដើម្បីឱ្យពួកគេស្តាប់។

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការទស្សនៈពិភពលោក (world vision) បានបញ្ចាក់ថា​ការថែទាំកុមារតម្រូវឱ្យមានការយកចិត្តទុកដាក់ពីឪពុក ម្ដាយ និងអ្នកថែទាំដើម្បីឱ្យពួកគេទទួលបានការលូតលាស់ដ៏សមប្រកប និងមានសុខភាពល្អ។ បន្ថែមពីនេះការបង្រៀនកុមារឱ្យមានទម្លាប់អានសៀវភៅ ជាផ្នែកសំខាន់មួយសម្រាប់ឱ្យកុមារអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃ និងមានទម្លាប់ល្អថែមទៀតផង។

ដើម្បីបណ្តុះកុមារឱ្យមានទម្លាប់អាន អាណាព្យាបាលគួរយល់ដឹងពីគន្លឹះសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យកុមារជក់ចិត្តជាមួយនឹងសៀវភៅ។

១.ជ្រើសរើសរឿងដែលសាកសមទៅតាមអាយុកុមារ

កុមារមិនដូចមនុស្សធំនោះទេ។ អារម្មណ៍ ចំណូលចិត្តនិង​សកម្មភាពរបស់ពួកគេតែងតែប្រែប្រួលទៅតាម​ដំណាក់កាលនានានៃការវិវដ្តនៃអាយុរបស់ពួកគេ។ ហេតុនេះ ប្រសិនបើអាណាព្យាបាលចេះជ្រើសរើសសៀវភៅត្រឹមត្រូវដើម្បីអានឱ្យកូនស្តាប់ នោះពួកគេនឹងអាចអភិវឌ្ឍបានល្អទាំងភាសា ការគិត និង​រីករាយជាមួយនឹងរឿងទាំងអស់នោះ។

២. ប្តូរសំឡេងទៅតាមតួអង្គ

កុមារចូលចិត្តពណ៌ សំឡេង រូបភាពនិង​ភាពស្និទ្ធស្នាល។ ហេតុនេះប្រសិនបើអាណាព្យាបាល​អាចប្រើប្រាស់សិល្បៈបានល្អក្នុងការបង្រៀនពួកគេនោះកុមារនឹងរីករាយ ហើយចូលចិត្តការសិក្សាកាន់តែខ្លាំង។ សម្រាប់ការអានរឿងកុមារវិញអាណាព្យាបាលគួរ​ចេះប្តូរសំឡេងទៅតាមតួអង្គនីមួយៗ ហើយបង្ហាញរូបភាបដល់ពួកគេដើម្បីឱ្យគេកាន់តែមានអារម្មណ៍ថាគេស្ថិតក្នុងសាច់រឿងដែលយើងកំពុងនិទាននោះ។

៣. ប្រើទំនាក់ទំនងក្រសែភ្នែកជាមួយកុមារ

ការអានសៀវភៅសម្រាប់កុមារចាំបាច់ត្រូវតែទាក់ទងជាមួយពួកគេឱ្យជាប់ ព្រោះអារម្មណ៍របស់ពួកគេតែងតែប្រែប្រួលឥតឈប់ឈរ។ ក្នុងរយៈពេល១០នាទី កុមារអាចប្រែប្រួលអារម្មណ៍រាប់មិនអស់ហេតុនេះប្រសិនបើយើងមិនអាចភ្ជាប់ទំនាក់ទំនងផ្នែកអារម្មណ៍ជាមួយគេបានល្អទេ នោះគេនឹងលែងចាប់អារម្មណ៍លើសៀវភៅដែលយើងកំពុងអាន ហើយ​ងាកទៅលេងអ្វីផ្សេងៗខាងក្រៅវិញម្តង។

ហេតុនេះ ដើម្បីភ្ជាប់ទំនាក់ទំនងបានល្អ អាណាព្យាបាលគួរកុំអានតែសៀវភៅ តែក៏គួរងាកមក​លេងជាមួយពួកគេផងដែរដើម្បីឱ្យគេនៅជាមួយសាច់រឿងរហូតដល់ចប់៕