ត្រឹម៧ថ្ងៃ ក្រសួងការពារជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតំបន់ក្រហមបានជាង៣០ម៉ឺននាក់

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលតែ៧ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៣០ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម ៥ខណ្ឌនេះ មានចំនួនសរុបជិត ៦០ម៉ឺននាក់។

ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម សរុប៧ថ្ងៃចាក់បានចំនួន ៣០០,៣៦២នាក់ ស្រី ១៥៨,៤៦៦នាក់ ដោយក្នុងពេលតែមួយថ្ងៃ០៧ ខែឧសភា ក្រុមការងារចាក់បាន ៥៣,៦៦០នាក់ ស្រី ២៩,៧០៦នាក់។ 

ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៦២,៤៦៣នាក់ ខណ្ឌដង្កោ ចាក់បាន ៧១,៨៩៥នាក់ ខណ្ឌកំបូល ចាក់បាន ៥១,៩៧៨នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១១១,៦៩៨នាក់ និងខណ្ឌឫស្សីកែវ ២,៣២៨នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ «ទឹកចិត្តបងប្អូនកងទ័ពរបស់យើងគាត់មុះមុតសម្រេចនូវការងារ ដែលជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ បងប្អូនកងទ័ពយើងគាត់ប្រឹងប្រែងអស់ពីបេះដូង ទោះបីលំបាក នឿយហត់ ឬតំបន់នោះប្រឈមការឆ្លងជំងឺ តែពួកគាត់មិនរុញរានោះឡើយ»។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តអំពាវនាវដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរមូលដ្ឋានចូលរួមសហការគ្នាឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឱ្យការងារចាក់វ៉ាក់សាំងនេះ បានកាន់តែលឿន និងមានភាពល្អប្រសើរថែមទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅថ្ងៃទី០១ ខែឧសភា  ក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ។ ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមិនគិតថ្លៃ៕