រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ នៅទីស្ដី ក្រសួង ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពលោក ចាន់ ដាវុធ ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីដែលជាប្រធាន អនុប្រធានអង្គភាពក្រោមឱវាទក្រសួងផងដែរ។
ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យប្រធាននាយកដ្ឋានដែលទើបទទួល ការតែងតាំងថ្មី ខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព បង្កើនកិច្ចសហប្រតិបត្តិការល្អផ្ទៃក្នុងនិងរិះរកគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍការងារសវនកម្មផ្ទៃក្នុងឱ្យមានការរីកចម្រើន មានតម្លាភាព និងប្រសិទ្ធភាព ដើម្បីសម្រេចភារកិច្ចថ្មីៗបន្ថែមទៀតជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
ជាងនេះទៅទៀត ឯកឧត្ដមរដ្ឋលេខាធិការបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់របស់នាយកដ្ឋានមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ កុំមើលបំណាំគ្នា ត្រូវចេះពិគ្រោះពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួម និងបានបន្ថែមថា ការងារតូចប៉ុនណាក៏ដោយ បើយើងមិនធ្វើគឺមិន សម្រេចបានជោគជ័យទេ ប៉ុន្តែការងារធំប៉ុនណាក៏ដោយ បើយើងខិតខំប្រឹងប្រែងធ្វើនោះប្រាកដជាទទួលបានជោគជ័យជាមិនខានឡើយ។
ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំផងដែរឱ្យលោកប្រធាននាយកដ្ឋានទើបទទួលការតែងតាំងថ្មីរក្សាឱ្យបាននូវវប្បធម៌ រួមសុខ រួមទុក្ខ និងគ្រប់គ្រងមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្រោមដំបូងមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន។
ឆ្លើយតបចំពោះការផ្ដល់សេចក្ដីទុកចិត្តនេះ លោក ចាន់ ដាវុធ បានប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើងនូវការងារ សវនកម្មផ្ទៃក្នុងឱ្យមានការរីកចម្រើនថែមទៀត ដោយខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត និងប្រើប្រាស់គ្រប់ មធ្យោបាយ និងនីតិវិធី បន្តកិច្ចសហការជាមួយមន្ត្រីក្រោមឱវាទឱ្យបានស្អិតរមួត ក្នុងគោលបំណងតែមួយ គត់គឺការអភិវឌ្ឍ ត្រងត្រាប់ និងអនុវត្តនូវរាល់ភារកិច្ច និងបទបញ្ញត្តិដែលក្រសួងដាក់ជូន។
សូមជម្រាបជូនថា លោក ចាន់ ដាវុធ ធ្លាប់មានប្រវត្តិការងារចេញពីអាជ្ញាធរសវនកម្មជាតិ និងមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ពីប្រទេសអូស្ត្រាលី មានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ជំនាញពិតប្រាកដបទពិសោធន៍ការងារ និងទេពកោសល្យច្បាស់លាស់ ស្របតាមលក្ខណៈវិនិច្ឆ័យទទួលយកបានរបស់ក្រសួង៕