អង្គការសុខភាពពិភពលោក (WHO) បានសម្រេចអនុម័តឲ្យប្រើប្រាស់ក្រោមលក្ខណ្ឌបន្ទាន់ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន ហើយ។ នេះជាវ៉ាក់សាំងទី៥ ដែលត្រូវបានអនុម័ត បន្ទាប់ពីបានអនុម័តតែវ៉ាក់សាំងដែលផលិតដោយ Pfizer, AstraZeneca, Johnson និង Johnson និង Moderna ។
នេះគឺជាវ៉ាក់សាំងដំបូងបង្អស់ ដែលបង្កើតឡើងដោយប្រទេសមិនមែនលោកខាងលិច ដើម្បីទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក។ សូមបញ្ជាក់ថា ស៊ីណូហ្វាម មានប្រសិទ្ធភាពក្នុងរង្វង់៧៩% ដែលនេះជាវ៉ាក់សាំងទី០៦ហើយ ដែលWHO បានអនុម័ត។
សម្រាប់កម្ពុជា វ៉ាក់សាំងប្រភេទនេះ ត្រូវបានប្រើប្រាស់មុនដំបូងគេ ដែលគិតត្រឹមពេលនេះ មានចំនួន ១លាន៣សែនដូស ហើយជាជំនួយរបស់មិត្តចិន និងមានវ៉ាក់សាំង ០២ប្រភេទទៀត គឺ ស៊ីណូវ៉ាក់ (Sinovac) និងកូវីសែល (Covishield) ដែលទទួលអាជ្ញាបណ្ណផលិតដោយអាស្ត្រាហ្សេនាកា (AstraZeneca) ដែលកំពុងប្រើប្រាស់នៅកម្ពុជាផងដែរ។
ដោយឡែកការសម្រេចនេះផងដែរ នឹងធ្វើឱ្យវ៉ាក់សាំងនេះត្រូវបានបញ្ចូលទៅក្នុងកម្មវិធីចែកវ៉ាក់សាំងនៃយន្តការ Covax របស់ អង្គការសហប្រជាជាតិផងដែរ ដើម្បីផ្តល់ដល់ប្រទេសដែលមានចំណូលទាប៕