ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿង ជូនដល់ក្រសួងសុខាភិបាលដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ដែលជំនួយទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក។
ពិធីប្រគល់ និងទទួលនេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ដោយមានការចូលរួមរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក ការិម៉ាតា អាត្សឹស៊ី ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ជំនួយនេះគឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ ឯកឧត្ដមអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសា ឆ្នាំ២០២០។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសកល។
រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ជូនដល់កម្ពុជា។