ខេត្តចំនួន៤ទៀត ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាព

រាជធានីភ្នំពេញ៖ ខេត្តចំនួន៤ ទៀត ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ត្រូវបានក្រសួងសុខាភិបាលដាក់បញ្ចូលឲ្យ ជាប់កាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គឺខេត្តបន្ទាយមានជ័យ(ត្រូវបានដាក់ឲ្យអនុវត្តន៍កាតព្វកិច្ចនេះ​ចាប់ពីថ្ងៃទី៤មេសា) ខេត្តតាកែវ កំពង់ចាម និងខេត្តកំពង់ស្ពឺ ត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី ៥មេសា។ 

សូមជម្រាបជូនដែរថា កន្លងមកខេត្តដែលជាប់កាតព្វកិច្ចនេះមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនេះ ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នប.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

សូមជម្រាបថា បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល៕