២ថ្ងៃនេះអាជ្ញាធររាជធានីភ្នំពេញនិងកងទ័ព សម្រុកដឹកជញ្ជូនស្បៀងចែកជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បាន ៤ម៉ឺនគ្រួសារ

រាជធានីភ្នំពេញ៖ អនុវត្តតាមការណែ នាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤សហការ ជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។

ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ អាជ្ញាធរបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ និងថ្ងៃទី០២ ខែឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជា មួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារ ទៅជូនទៅប្រជាពលរដ្ឋចំនួន ៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌ មានជ័យ ១២,០០០គ្រួសារ, ខណ្ឌពោធិ៍សែនជ័យ ១៤,៧៥០គ្រួសារ, ខណ្ឌសែនសុខ ១,៥០០, ខណ្ឌព្រែកព្នៅ ១,០០០គ្រួសារ, ខណ្ឌឬស្សីកែវ ៣,០០០គ្រួសារ,ខណ្ឌជ្រោយ ចង្វា ១,០០០គ្រួសារ, ខណ្ឌ ដូនពេញ ៩០០គ្រួសារ, ខណ្ឌ ៧មករា ១,៣០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ, ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌបឹងកេងកង ៦៥០ គ្រួសារ ខណ្ឌច្បារអំពៅចំនួន ១,០០០គ្រួសារ និងខណ្ឌកំបូល ១,៥០០គ្រួសារ។

គួរបញ្ជាក់ថា ទីបញ្ជាការដ្ឋានកងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោកបានប្រើប្រាស់កងកម្លាំងជាង ២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែក ទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕