សម្ដេចតេជោ៖យើងនឹកចាក់មិនរើសមុខក្នុងចន្លោះ ១០លានទៅ ១៣លាននាក់ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាយើងនឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនរើសមុខក្នុងចន្លោះ ១០លានទៅ ១៣លាននាក់ គ្រាន់តែចាក់វ៉ាក់សាំងមុន និងក្រោយតែប៉ុណ្ណោះ៕

សម្តេចបានលើកឡើងបែបនោះ គឺឆ្លើយតបទៅនិងប្រជាពលរដ្ឋក្នុង Comment នៅលើFacebook page របស់សម្តេចដែលប្រជាពលរដ្ឋក្នុងបណ្តាញសង្គមបានលើកជាសំនួរ។ តាមរយៈសារឆ្លើយតបសម្តេចបានលើកឡើងថា «យើងនឹកចាក់មិនរើសមុខក្នុងចន្លោះ ១០លានទៅ ១៣លាននាក់ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ សូមរងចាំបន្តិច»។

សម្តេចតេជោ បានឆ្លើយតបបន្តថា« នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ»។

សម្តេចតេជោ ហ៊ុន សែន បន្តថា«ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន។ សូមបងប្អូនអត់ធ្មត់រង់ចាំបន្តិចវ៉ាក់សាំង នឹងយកទៅចាក់ជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។ ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពសាំមិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។

លើសពីនេះ សម្តេចបានបន្ថែមថា«កម្មករ កម្មការរនីស្ថិតនៅជាអាទិភាព នៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនាពេលនេះ និងពេលខាងមុខរបស់ខ្ញុំ។ យើងនឹងចាក់ជូនកម្មករ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕